ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ព្រៃវែង៖ នៅថ្ងៃ១៣ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង។ 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានគ្រប់ថ្នាក់ក្នុងខេត្តព្រៃវែង ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ព្រមទាំងសកម្មជន ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារសារខាគណបក្សទូទាំងខេត្តព្រៃវែង។ 

ឯកឧត្ដម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានរាយការណ៍ថា៖ ខេត្តព្រៃវែងក៍ដូចជាបណ្តាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា បានខិតខំចូលរួមការពារ សន្តិភាព និងរក្សាបានល្អនូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម ទប់ស្កាត់រាល់បាតុភាពនានា ពីបណ្ដាជនអគតិ ដែលមានបំណងញុះញង់បំផ្លាញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ព្រមទាំងបានការគ្រប់គ្រង ឆ្លើយតបទាន់ពេលវេលាក្នុងការ ការដោះស្រាយផលប៉ះពាល់នានាមកលើសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង បានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿជឿជាក់ប្រកបដោយសុទិដ្ឋិនិយមមកលើការគ្រប់គ្រង និង ដឹកនាំ ប្រទេសរបស់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមក ។ 

ឯកឧត្ដម ស្បោង សារ៉ាត បន្តថា៖ ជារួមខេត្តព្រៃវែង ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន៧៥០.៨៣៦នាក់ ស្រី៤០៨.៦៤៩នាក់ និងមានការិយាល័យបោះឆ្នោតចំនួន ១.៨៦៩ ការិយាល័យ និងមានគណបក្ស ចំនួន១២ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងមណ្ឌលខេត្តព្រៃវែងក្នុងចំណោម១៨គណបក្ស នយោបាយដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលស្គាល់ក្នុងការចូលរួមប្រកួតប្រជែង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កន្លងមកនេះ។ 

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចតេជោ ប្រធានគណបក្ស និងក្នុងនាមគណៈអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា បានសម្ដែងការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់ថ្នាក់ ក្រុមការងារយុវជន ក្រុមការងារស្រ្តី និងគណៈចលនាមហាជនរបស់ណបក្ស ព្រមទាំងសកម្មជនគណបក្សគ្រប់មជ្ឈដ្ឋានដែលបានខិតខំសហការគ្នាប្របដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យគណបក្សទទួលបានជោគជ័យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។ 

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានដែលបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត និងគាំទ្រយ៉ាងធំធេងដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិជាបន្តបន្ទាប់ ស្របតាមមាគ៌ារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *