ព័ត៌មានស៊ើបអង្កេត

តើលោកហូវជីវ៉ៃជានរណាទើប មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តរតនគិរី មិនចាត់វិធានការបង្ក្រាប?

ប្រភពពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តរតនគិរី បានឲ្យដឹងថា មួយរយៈកន្លងទៅនេះឈ្មួញឈ្មោះ ហូវ ជីវ៉ៃ និងបក្ខពួកធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តរតនគិរី ចេញទៅស្រុកយួន​ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខ្លាំងក្លាជាងមុនទៅទៀត។ ការដែលមេឈ្មួញ ហូវ ជីវ៉ៃ អាចដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកទ្វារអន្តជាតិអូរយ៉ាដាវ យ៉ាងរលូនគឺមានការបើកដៃពីសំណាក់លោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដែលល្បីល្បាញខាងពុករលួយផងដែរ។ ចំណែកលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ក៏ដូចជាលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក​ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី សម្ងំស្ងាត់ឈឹងទុកឲ្យឈ្មួញឈ្មោះ ហូវ ជីវ៉ៃ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ហូវ ជីវ៉ៃ បានឲ្យដឹងថាបច្ចុប្បន្នឈ្មួញរូចនេះកៀងគរប្រជាពលរដ្ឋឲ្យចូលកាប់រំលំអារច្រៀកឈើនៅតំបន់ព្រំប្រទល់ស្រុកលំផាត់ ខេត្តរតនគិរី ជាប់ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី យ៉ាងមហន្តរាយ។ បន្ទាប់មកឈ្មួញឈ្មោះ ហូវ ជីវ៉ៃ និងបក្ខពួកប្រមូលទិញឈើទាំងនោះដឹកជញ្ជូនតាមរថយន្តសាំយ៉ុង និងរថយន្តធុនធំ ចេញទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញទំហឹងគ្មានមន្រ្តីជំនាញ និងសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។ មន្រ្តីជំនាញ និងសមត្ថកិច្ចក្នុងខេត្តរតនគិរី សុទ្ធតែដឹងថាឈ្មួញឈ្មោះ ហូវ ជីវ៉ៃ មានមន្រ្តីធំជាបង្អែកទើបពួកគេមិនហ៊ានប៉ះពាល់ ហើយមានតែជួយសម្រួលឲ្យឈ្មួញរូបនេះ និងបក្ខពួកអាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងសុខស្រួល។

មជ្ឈដ្ឋាននានាបានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ហូវ ជីវ៉ៃ និងបក្ខពួកជាបន្ទាន់កុំឲ្យធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះទៀត។ ដោយហេតុថាបច្ចុប្បន្នឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ធ្វើសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុក ប៉ុន្តែមន្រ្តីជំនាញ មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តរតនគិរី មិនចាត់វិធានការបង្ក្រាបឡើយ។ ជាពិសេសលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ព្រមទាំងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ហូវ ជីវ៉ៃ នោះទេ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *