ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ៖ ថ្លែងឱ្យដឹងតាមសារសំឡេងពីយប់មិញថាកម្ពុជាកំពុងសង់ឃ្លាំង​ស្តុកវ៉ាក់សាំងកូវីដក្នុង​សីតុណ្ហភាព -៨០​អង្សារសេ Tue/០៨/Dec/២០២០

ភ្នំពេញ ៖ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងឱ្យដឹងតាម​សារជាសំឡេងកាលពីយប់មិញថា កម្ពុជាកំពុង​សាងសង់​ឃ្លាំង​ស្តុកវ៉ាក់សាំង​កូវីដ១៩ ​ដែលអាច​រក្សាទុក​វ៉ាក់សាំង​ក្នុងសីតុណ្ហភាព​ត្រជាក់បំផុត -៨០អង្សារសេ។

សម្តេចតេជោ​បញ្ជាក់​ដូច្នេះថា៖ «លោកជំទាវ យក់ សម្បត្តិ បានរាយការណ៍​ឱ្យ​ខ្ញុំបានដឹង​អំពីការសាងសង់ឃ្លាំងសម្រាប់​ការស្តុកទុក ដែលនៅក្នុងកន្លែងស្តុកទុកនោះ យើងអាចស្តុកទុកគឺមាន​កម្រិត​រហូត​ទៅដល់​៨០អង្សារក្រោមសូន្យ (-៨០អង្សារសេ)។ ប៉ុន្តែ​ក៏មាន​ក្នុងកម្រិត​៤០អង្សារ (ក្រោមសូន្យ) ឬក៏៣០អង្សារ (ក្រោមសូន្យ) ឬក៏ប៉ុន្មានអង្សារ។ ក៏ប៉ុន្តែកម្រិតអតិបរមា គឺបានទៅដល់៨០អង្សារក្រោមសូន្យឯណោះ។ អ៊ីចឹង​កន្លែងស្តុក មិនជាពិបាកពេកទេ ជំរុញ​នូវការសាងសង់ រួចទម្រាំ​នឹងការបញ្ជាទិញ ល្មមស៊ីសង្វាក់គ្នា ជាមួយនឹងការមកដល់​នៃវ៉ាក់សាំង»។

សូមជម្រាប​ថា សម្តេច ហ៊ុន សែន​ បាន​ប្រកាសត្រៀម​ថវិកា​ដើម្បីទិញ​វ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូស ​ក្នុងដំណាក់កាលដំបូង ​សម្រាប់​អ្នកមានហានិភ័យខ្ពស់ ប៉ុន្តែមិនទាន់ដឹងថា ទិញ​ពីប្រទេសណានោះទេ។ អ្នកដែលអាទិភាព​ទទួលបាន​មានដូចជា គ្រូពេទ្យ​ជួរមុខ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធជាដើម៕

adm

Leave a Reply

Your email address will not be published. Required fields are marked *