ព័ត៌មានជាតិ

សម្ដេចតេជោប្រធានព្រឹទ្ធសភាពកម្ពុជា ផ្ដាំទៅមេដឹកនាំវៀតណាម គួរយល់ពីសារៈសំខាន់ នៃគម្រោងព្រែកជីកហ្វូណនតេជោ «កម្ពុជា មិនល្ងង់ជាងវៀតណាម នោះទេ»

(ភ្នំពេញ) ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដាំទៅកាន់មេដឹកនាំវៀតណាម គួរយល់ពីសារៈសំខាន់ នៃគម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា ដោយសម្ដេចតេជោ អះអាងថា មកពីមេដឹកនាំវៀតណាម បានបើក ដៃឱ្យថ្នាក់ក្រោមរបស់ខ្លួន វាយប្រហារមកលើកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន គួសបញ្ជាក់ថា «កម្ពុជា មិនល្ងង់ជាងវៀតណាម នោះទេ» ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញអធិបតីភាពក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ។ ជាមួយគ្នានេះសម្តេចបញ្ជាក់បន្ថែមថា គ្មានទៀតឡើយការចរចា ជាមួយវៀតណាម លើបញ្ហាជីកព្រែកហ្វូណនតេជោ ។

សម្ដេចតេជោ អំពាវនាវប្រជាជនកម្ពុជា គាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ ផងដែរ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្ដេជ្ញាមិនឱ្យអ្នកណាមកបំផ្លាញគម្រោងព្រែកជីកហ្វូណនតេជោ បានឡើយ។ ក្នុងនោះ សម្ដេចបានលើកឡើងជាទ្រឹស្ដីថា យើងមិនអាចអត់ឱនឲ្យបានទេ ចំពោះជនណា ឬក្រុមណាក៏ដោយ មិនថាខ្មែរ ឬបរទេស ដែលចង់ដុតផ្ទះយើង ដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ ។

សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព ។

គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *