ព័ត៌មានជាតិ

ឯកឧត្តម អ៊ូ វណ្ណា បាននាំយកថវិកាចំនួន ២៥ លានរៀល របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ចូលរួមកសាងនៅក្នុងវត្តសុវណ្ណនី (ហៅវត្តសង្វាន) នៅក្នុងស្រុកស្វាយអន្ទរ

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ូ វណ្ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានានៅក្នុងវត្តសុវណ្ណមុនី (ហៅវត្តសង្វាន) ស្ថិតនៅភូមិសង្វាន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា ជាមួយនឹងចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមឲ្យមានប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយ ឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” តាមរយៈការផ្តោតកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ, ក្រុមងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។ ជាក់ស្តែង រាជរដ្ឋាភិបាល បានកំណត់យក “កម្មវិធីជាតិជំនួយ សង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រា មានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ជាកម្មវិធីគោលនយោបាយអាទិភាព ក្នុងចំណោមកម្មវិធីគោល នយោបាយនានា ដើម្បីជំរុញការកសាងប្រព័ន្ធជំនួយសង្គម សំដៅកសាងសង្គមកម្ពុជាមួយមានភាពធន់ និងបរិយាប័ន្ន តាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស និងការលើកកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ និង ងាយរងហានិភ័យ។

ឯកឧត្តម អភិបាលខេត្ត បន្តថា ក្នុងបរិបទកំណែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលប្រជាពលរដ្ឋទូទាំងប្រទេសបោះឆ្នោតគាំទ្រ ក៏បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាង មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានគោលដៅចម្បង រក្សាសុខសន្តិភាព កំណើសេដ្ឋកិច្ច ការអភិវឌ្ឍន៍ប្រទេសជាតិ និងរក្សាឧត្តមប្រយោជន៍ប្រជាជន។

ឯកឧត្ដម បន្តទៀតថា ការៀបចំកសាងវត្តអារាមនេះ គឺជាការយកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋសម្រាប់ធ្វើបុណ្យទាន។ ទីអារាម ក៏អាចចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់នៅក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ ហើយក៏បន្ត ការអនុវត្តគោលនយោបាយសម្រាប់កុមារ និងយុវជនក្រីក្ររបស់យើង។ ទីអារាមបានក្លាយទៅជាជម្រកសុវត្ថិភាព សម្រាប់លោកយាយលោកតា ក្នុងពេលដែលចាស់ទៅហើយត្រូវការសុំសីលសុំទាន មួយចំនួនក៏ត្រូវបានមកស្នាក់ នៅនឹងទីអារាម។ កុមារ និងយុវជនមួយចំនួនដែលខ្វះលទ្ធភាព ក៏បានប្រើប្រាស់ទីអារាមមួយចំនួនក៏បានបួស ហើយបន្តការសិក្សា។ ឯមួយចំនួនក៏បានមកស្នាក់នៅតាមទីអារាម ដើម្បីទទួលបាននូវការស្នាក់នៅ ហើយបន្តការ សិក្សា។ ទាំងអស់នោះហើយ ដែលជាផលប្រយោជន៍សម្រាប់សង្គមជាតិ។

ឯកឧត្ដម ក៏បានបន្ថែមថា ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ រដ្ឋបាលខេត្តព្រៃវែង បានអន្តរាគមន៍ជួយសង្គ្រោះស្រូវរដូវប្រាំងក្នុងស្រុកស្វាយអន្ទរ ក៏ដូចជាស្រុកមេសាង និងស្រុកកំពង់ត្របែក ដែល បានបូមទឹកពីស្ថានីយ៍បូមទឹកទី១ និងទី២ ដាក់ចូលប្រឡាយមេ បានជួយសង្គ្រោះស្រូវសរុបចំនួន ១៣.៦១២ហិកតា។

ឯកឧត្ដម ក៏បានណែនាំ ដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំបន្តផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផល។ បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ពិសេសលើការពង្រឹងការងារអនុវត្តភូមិ ឃុំ សង្កាត់ មាន សុវត្តិភាព ដែលមានខ្លឹមសារទាំង៧ចំណុច។ បន្តដោះស្រាយនូវសំណើរ សំណូមពរ បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អ ប្រសើរ។

ក្នុងនោះដែរលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរបានលើកឡើងថា សមិទ្ធផលនានាដែលត្រូវសម្ពោធឆ្លងនាឱកាសនេះ ចំណាយថវិកា អស់ ២៣ម៉ឺន ១ ពាន់ដុល្លារ នៅក្នុងនោះសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបត្ថម្ភ ចំនួន ២ ម៉ឺនដុល្លា រួមនឹងពុទ្ធបរិស័ទសប្បរសជិតឆ្ងាយ។

ក្នុងនោះដែរឯកឧត្តម អ៊ូ វណ្ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បាននាំយកថវិការបស់ឯកឧត្តមប្រគេនព្រះសង្ឃសម្រាប់កសាងក្នុងវត្តនេះចំនួន ២៥ លានរៀលផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *