ព័ត៌មានស៊ើបអង្កេត

លោក​ យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផល​ផាត់សណ្តាយ គឺជាមេខ្លោងដ៍ធំដែលបណ្តោយឲ្យបទល្មើសនេសាទកើតឡើងយ៉ា​ង​រាលដាល ដើម្បីប្រមូលលុយយកធ្វើមានធ្វើបានផ្ទាល់ខ្លួន

ថ្មីៗនេះប្រជានេសាទនៅតំបន់ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់និងបទល្មើសកាប់ព្រៃលិចទឹកធ្វើជាសម្រាស់ហ៊ុមព័ទ្ធអួនចាប់ត្រី​មានការកើនឡើងយ៉ាងគំហុកព្រោះមានការបើកដៃពីមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធ។ ក្នុងនោះលោក​ យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផល​ផាត់សណ្តាយ គឺជាមេខ្លោងធំដែលបណ្តោយឲ្យបទល្មើសនេសាទកើតឡើងយ៉ា​ង​រាលដាល ដើម្បីប្រមូលលុយយកធ្វើមានធ្វើបានផ្ទាល់ខ្លួ។ ប្រភពស្និទ្ធនឹងលោក​ យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផល​ផាត់សណ្តាយ បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ទេនោះគឺលោក យ៉ាន់ វិសាក់ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។

ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានបង្ហើបឲ្យ​ដឹងថា តាំងពីនៅធ្វើជានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ រហូតក្លាយជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ គឺលោក ប៉ែន វណ្ណរិទ្ធ ​បានចាត់ទុកបទល្មើសនេសាទជាប្រភពចំណូលរបស់ខ្លួន។ ​ហេតុនេះហើយទើបបច្ចុប្បន្នលោក ប៉ែន វណ្ណរិទ្ធ ​មិនចាត់វិធានការបង្ក្រាបបទ​ល្មើសនេសាទនៅតំបន់បឹងទន្លេសាបនៅស្រុកកំពង់ស្វាយ ក៏ដូចជានៅស្រុកស្ទោង ព្រោះខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បណ្តោយឲ្យមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង បើកដៃឲ្យមានបទល្មើសនេសាទបំផ្លាញធនធានមច្ឆជាតិយ៉ាងមហន្តរាយ​។

ប្រជានេសាទនៅតំបន់​ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអំពាវនាវឲ្យលោក វេង​ សាខុន រដ្ឋមន្ត្រិក្រួងកសិកម្ម និងលោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម ចាត់វិធានការបង្ក្រាបបទ​ល្មើសនេសាទក្នុងតំបន់បឺងទន្លេសាបនៃខេត្តកំពង់ធំ ជាបន្ទាន់និងប្រកបដោយប្រសិទ្ធភាព។ ដោយហេតុថា បច្ចុប្បន្ននៅតំបន់បឹងទន្លេសាបខេត្តកំពង់ធំ ជាពិសេសនៅតំបន់ផាត់សណ្តាយ ​មានបទល្មើសនេសាទ​កើតឡើងយ៉ាងគំហុកហើយ​​លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។សូម្បីតែលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏មិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបនោះដែរ ហើយបណ្តោយឲ្យលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្ត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *