ព័ត៌មានជាតិ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ​អភិបាលខេត្តកំពង់ចាម​ បាន​​សម្រេច​ជ្រើសរើស​យក​ទីតាំង​សាលា​ខេត្ត​ សម្រាប់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ជូន​អ្នក​ស្ម័គ្រចិត្ត​ ដោយ​ឥតគិតថ្លៃ​​

កំពង់ចាម​:​ នាព្រឹក​ថ្ងៃ​ទី​២៥​ ខែមិនា​ ឆ្នាំ​២០២១ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ​អភិបាលខេត្តកំពង់ចាម​ បាន​​សម្រេច​ជ្រើសរើស​យក​ទីតាំង​សាលា​ខេត្ត​ សម្រាប់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ជូន​អ្នក​ស្ម័គ្រចិត្ត​ ដោយ​ឥតគិតថ្លៃ​ ការ​សម្រេច​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ នៅ​ខេត្តកំពង់ចាម​ ក្រោម​វត្តមាន​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​អភិបាល​រង​ខេត្ត​ និង​ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ផងដែរ​។

ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ប្រធាន​មន្ទីរ​​អង្គភាពពាក់ព័ន្ធ​ក្នុង​សេណារីយ៉ូ​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ខេត្តកំពង់ចាម​ ឲ្យ​​​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ក្រុមគ្រូពេទ្យ និង​កិច្ចការ​ផ្សេងៗ​ទៀត​ សរុប​ជាង​៤០ក្រុម​ ដេីម្បី​ត្រៀម​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ជូន​អ្នក​ស្ម័គ្រចិត្ត​​ក្នុង​ក្របខណ្ឌ​ទូទាំង​​​ខេត្តកំពង់ចាម​ ដោយ​មាន​ទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ឯកឧត្តម​ ហ៊ុន​ ណេង​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ឯកឧត្តម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ និង​ក្រុម​និស្សិត​ពេទ្យ​នៃ​សាលា​មធ្យម​សិក្សា​សុខាភិបាល​ភូមិភាគ​កំពង់ចាម​ផងដែរ​​ ។

ឯកឧត្ដម​ អភិបាលខេត្ត​ បាន​អះអាង​ថា​ សម្តេច​អគ្គមហាសេនាបតី​​តេជោ​ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម​ ឲ្យ​យក​សណ្ឋាគារ​មេគង្គ​ ធ្វើ​ជា​មន្ទីរពេទ្យ​ សម្រាប់​ព្យាបាល​ អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​ ចំពោះ​​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម​ និង​​ខេត្តត្បូងឃ្មុំ​ ដោយឡែក​ពលករ​​ចំណូល​ស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​ធ្វើ​ធ្វើចត្តាឡីស័ក​ ក្នុង​សណ្ឋាគារ​មេគង្គ​នោះ​ ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​បន្ត​ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម​វិញ​ ។

ជាមួយគ្នា​នោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវ​ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ បេី​គ្មាន​ការ​សំខាន់ទេ​ សូម​កុំ​ចាកចេញ​ពី​ផ្ទះ​ តែបេី​ត្រូវ​​ចេញ​ក្រៅ​ផ្ទះ​ ​គឺសូម​ពាក់ម៉ាស​ និងត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ ជាពិសេស​ គឺ​ត្រូវ​អនុវត្ត​តាម​សេចក្តី​ណែនាំ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ តាម​រយៈ​ ៣ការពារ​ ៣កុំ​ ដេីម្បី​ជៀសផុត​ពី​ជំងឺ​កូវីដ​ដ៏​កាច​សាហាវនោះ​ផផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *