ព័ត៌មានជាតិ

ឯកឧត្ដម ជា  សុមេធី អភិបាលខេត្តព្រៃវែងអញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំសិក្សា ២០២០-២០២១

ព្រៃវែង៖ ឯកឧត្ដម ជា  សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានដឹកនាំក្រុមការងារ មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធអញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំសិក្សា ២០២០-២០២១ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១  នៅវិទ្យាល័យ ព្រះអង្គឌួង ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង។

យោងតាមរបាយការរបស់លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា ៖ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំសិក្សា ២០២០-២០២១ឆ្នាំនេះ ខេត្តព្រៃវែង មានមណ្ឌលប្រឡងចំនួន ១៣ មណ្ឌល ស្មើនឹង ២៨៧បន្ទប់ មានសិស្សសរុប ៧,១១៦នាក់ ស្រី ៣,៨៧៩នាក់ ក្នុងនោះ ចែកជាពីរផ្នែកគឺផ្នែកវិទ្យាសាស្ត្រមាន ៣ មណ្ឌល ស្មើនឹង ៧៤ បន្ទប់ មានសិស្សសរុប ១,៨៣៣ នាក់ ស្រី ១,១៦២ នាក់ និងផ្នែកវិទ្យាសាស្ត្រសង្គមមាន ១០ មណ្ឌល ស្មើនឹង ២១៣ បន្ទប់ មានសិស្សសរុប ៥,២៥៣នាក់ ស្រី ២,៧១៧នាក់ ។

ក្នុងឱកាសនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើ ដល់គណៈមេប្រយោគ និងអនុរក្ស តាមបន្ទប់ប្រឡងនីមួយៗត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យបាននូវគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបទញ្ជាផ្ទៃក្នុងនានាក្នុងការប្រឡង ដើម្បីធានាឲ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ កាន់តែទទួលបានលទ្ធផលល្អ ប្រកបដោយ តម្លាភាព និងគុណភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹង គុណភាពវិស័យអប់រំ និងវិធានការសុវត្ថិភាពសុខភាពក្នុងបរិបទជំងឺកូវីដ-១៩ផងដែរ។

ឯកឧត្តម អភិបាលខេត្ត ក៏សូមលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា និងក្លាយជាសសរទ្រូង ដើម្បីលើកស្ទួយកិត្តិយសជូនសាលារៀន សង្គម និងគ្រួសារផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *