ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋខេត្តព្រៃវែងទាំងអស់មានសេចក្តីសោមនស្ស រីករាយជាអនេកប្បការ ជាមួយរាជរដ្ឋាភិបាល ដែល “រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ

ព្រៃវែង៖ នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣  ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងរួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី នៃខេត្តព្រៃវែង ទាំងអស់មានសេចក្តីសោមនស្ស រីករាយ និងចូលរួមអបអរសាទរ ជាអនេកប្បការ ជាមួយរាជរដ្ឋាភិបាល ដែល “រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងសម័យប្រជុំលើក ទី៤៥ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។ ព្រឹត្តិការណ៍នេះ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និង ជាជោគជ័យដ៏ធំធេងសំខាន់មួយទៀតរបស់ជាតិ និងប្រជាជនខ្មែរទាំងមូល។

សមិទ្ធផលដ៏វិសេសវិសាលក្រៃលែងនេះ បានធ្វើអោយប្រជាជនខ្មែរ ចងចាំមិនភ្លេចនូវភាពតស៊ូលះបង់ អំណត់ អត់ធ្មត់ និងការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំគ្រប់រូបក្នុងការដាក់ប្រយោជន៍ជាតិជាចម្បង តាមរយៈការបង្ហាញភាព ច្បាស់លាស់ និងម្ចាស់ការរបស់កម្ពុជាលើឆាកអន្តរជាតិ រួមផ្សំនឹងកម្លាំងនៃការរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរ ក្នុងកិច្ចការពារ សម្បត្តិវប្បធម៌ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

ក្នុងន័យនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី នៃខេត្តព្រៃវែង ទាំងអស់ សូមគោរពកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ រួមជាមួយមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងដំណើរការដ៏ស្វិតស្វាញនៃការស្នើបញ្ចូលសម្បត្តិវប្បធម៌ខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *