ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់សៀវភៅផែនការសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ឆ្នាំ២០២៣

ព្រៃវែង៖  នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ឌុច គន្ធា អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់សៀវភៅផែនការសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមលោក លោកស្រី នាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាព អភិបាលក្រុង ស្រុក  និងអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តព្រៃវែង សរុប ៥៤រូប។

លោក ឌុច គន្ធា អភិបាលរងខេត្ត បានលើកឡើងថា ការងារគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារមួយដែល មាន លក្ខណៈ ជាវដ្ត តាមដំណាក់កាលនីមួយៗ ក្នុងការអនុវត្តសកម្មភាព ត្រៀមបង្ការមុនពេលកើត មានគ្រោះមហន្តរាយ, ការឆ្លើយតបក្នុងពេលមានគ្រោះមហន្តរាយ និងការស្ដារ ឬកសាងឡើងវិញ ក្រោយ ពេលគ្រោះមហន្តរាយ។ នេះជាការងារមួយដែលយើងលំបាកក្នុងការរៀបចំតម្រូវទៅតាម ដំណាក់ កាលនីមួយៗ ព្រោះយើងធ្វើការប៉ាន់ស្មាន និងវាយតំលៃទៅលើវិសាលភាពនៃមុខសញ្ញាគ្រោះថ្នាក់ មិនបាន ជាក់លាក់ ថាតើវានឹងអាចមានទំហំប៉ុណ្ណា? រយៈពេលយូរឬឆាប់? ប៉ះពាល់ប៉ុណ្ណា? ខូចខាតប៉ុណ្ណា? ធ្វើការ ឆ្លើយតបបានកម្រិតណា និងសបម្ថភាពនៃការស្តារឡើងវិញ កម្រិតណាៗនោះទេ។

លោក អភិបាលរង បន្តថា  ចំណែកនៅឆ្នាំ២០២២កន្លងទៅទឹកជំនន់មានកម្រិតមធ្យម ដែលបានធ្វើឲ្យប៉ះពាល់ ខូចខាតនូវដំណាំ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ប៉ុន្តែក្នុងឆ្នាំ២០៣នេះ ទឹកជំនន់មានកម្រិតទាប នៅឡើយ តែវានឹងអាចបង្ករឲ្យមានហានិភ័យដល់ការងារកសិកម្ម កង្វះខាតទឹក កើតជម្ងឺឆ្លង កើតសត្វល្អិតចង្រៃដើម។

លោក អភិបាលរងខេត្ត ក៏បានណែនាំដល់កងកម្លាំង មន្ទីរ អង្គភាព និងក្រុង ស្រុក ឲ្យយកចិត្តទុកដាក់ខ្ពស់អំពីតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការត្រៀមបង្ការ ឆ្លើយតប និងស្ដារឡើងវិញ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ ខូចខាត បាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធនានា និងដើម្បីឲ្យការអភិវឌ្ឍន៍មាននិរន្តរភាព។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ក៏មានបទបង្ហាញ របស់ លោក សិត សុំ នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានលេខាធិការ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អំពីគោលបំណង ដំណើរការរៀបចំ និងអត្ថប្រយោជន៍សៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា៖ ខេត្តព្រៃវែងបានរងគ្រោះមហន្តរាយទឹកជំនន់ខ្លាំង កាលពីឆ្នាំ២០០០ដែលបណ្តាលអោយប៉ះបាល់ដល់ប្រជាពលរដ្ឋប្រហែល១៧.២៨១គ្រួសារ(ស្លាប់៦៨នាក់) និងឆ្នាំ២០០១ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ១៥.០៦០គ្រួសារ(ស្លាប់ ៣៥ នាក់) និងអាយុជីវិត មនុស្ស សត្វ ខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ផលដំណាំ ហេដ្ឋារចនាសម្ព័នសាធារណៈ និង ប៉ះពាល់ដល់សន្តិសុខ ស្បៀង អាហាររូបត្ថម ការអប់រំ និងសន្តិសុខសង្គមជាដើមផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *