ព័ត៌មានជាតិ

រដ្ឋមន្រ្តីសាធារណការណែនាំក្រុមហ៊ុនអ៊ុតបេទីមផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុធ្វើតាមលក្ខណៈបច្ចេកទេស


ខេត្តព្រះសីហនុ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរជំនាញ អញ្ជើញពិនិត្យមើលសកម្មភាពអ៊ុតបេទីមនៅផ្លូវ ២៨មិថុនា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បន្តពិនិត្យមើលអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងសង្កាត់លេខ៣ បន្តពិនិត្យអ៊ុតបេទីមផ្លូវពូឡូវ៉ៃ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបន្តទៅពិនិត្យសកម្មភាពអ៊ុតបេទីមផ្លូវរាម ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការណែនាំដល់ក្រុមហ៊ុនអ៊ុតបេទីម របស់ក្រុមហ៊ុនហ៊ុន TCM ត្រូវអ៊ុតតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវធានា បានគុណភាព សោភ័ណភាព ដើម្បីការប្រើប្រាស់បានយូរអង្វែង។ បន្ទាប់មកទៅពិនិត្យការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងការដ្ឋានស្ថាបនាបុកគ្រឹះក្បាលស្ពានភូមិអុង ឃុំរាម ស្រុកព្រៃនប់ដែលមានដីស្អុយជ្រៅ ត្រូវធ្វើការកាយចេញ និងបុកគ្រឹះផ្លូវ ដើម្បីចាក់បេតុង និងអ៊ុតបេទីម រួចបន្តទៅពិនិត្យ មើលក្រុមហ៊ុន CCES ដែលកំពុងអ៊ុតបេទីមចាប់ពីរង្វង់មូលព្រះសេវៈ ទៅរង្វង់មូលរាម ភ្ជាប់ផ្លូវជាតិលេខ៤ និងបានខួងបេទីម យកមកពិនិត្យគុណភាពនៃការអ៊ុត ថាតើវាត្រូវតាមលក្ខណៈបច្ចេកទេសដែរឬទេ ព្រោះផ្លូវទាំង៣៤ខ្សែនេះ បំរើឱ្យវិស័យទេសចរណ៍ វិនិយោគ កាលណាមានផ្លូវ គឺយើងមានសង្ឃឹម។

លោក ស៊ូ សំពិសិដ្ឋ ប្រធានការដ្ឋាន CCES បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកទទួលអ៊ុតបេទីមផ្លូវចំនួន ៥ខ្សែក្នុងខេត្តព្រះសីហនុ ដែលចាប់ផ្ដើមបើកការដ្ឋានអ៊ុតបេទីមកាលពីថ្ងៃ០២ ខែធ្នូ ឆ្នាំ២០២០កន្លងមក គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ នៅលើផ្លូវទាំង៥ខ្សែ ប្រកបដោយបរិមាណ គុណភាព និងសោភ័ណភាព ក្នុងការប្រើប្រាស់បានយូរ។
សូមបញ្ជាក់ថា ការអ៊ុតបេទីមលើកំណាត់ផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ មានកម្រាស់ ០,០៧ម៉ែត្រ ពីលើបេតុងកម្រាស់ ០,២៥ម៉ែត្រ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *