ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩


នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធីថា កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបានអនុវត្តការធ្វើជំរឿនប្រជាជនទូទាំងប្រទេស ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតក្នុងរយៈពេល១០ឆ្នាំម្ដង បន្ទាប់ពីកម្ពុជាបានធ្វើជំរឿនប្រជាជនលើកដំបូងកាលពីឆ្នាំ១៩៦២ និងខកខានអស់រយៈពេលជាង៣ទសវត្សរ៍ ដោយសារវិបត្តិផ្ទៃក្នុង រហូតដល់ឆ្នាំ១៩៩៨ ទើបជំរឿនលើកទី២ត្រូវបានធ្វើឡើងជាថ្មីទៀត ។

ឯកឧត្តមបានរំលឹកថានៅឆ្នាំ២០០៨ កម្ពុជាមានផែនការធ្វើជំរឿនលើកទី៣ ប៉ុន្តែការងារនេះត្រូវបានខកខានទៅវិញ ដោយសារពេលនោះកម្ពុជាត្រូវរៀបចំការបោះឆ្នោតជាតិ ទើបមានការសម្រេចលើកពេលមកធ្វើនៅឆ្នាំ២០១៩វិញ ដោយប្រើប្រាស់ថវិកាជាតិ ចំណាយអស់ថវិកាប្រមាណ៩លាន ៩សែនដុល្លារអាមេរិក ។ ឯកឧត្តមក៏បានថ្លែងអំរណរគុណដៃគូជាតិ និងអន្តរជាតិដែលតែងតែបានចូលរួមសហការ និងគាំទ្រក្នុងការងារធ្វើជំរឿននេះដែរ ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ជំរឿនឆ្នាំ២០១៩ មានវិសាលភាពគ្របដណ្ដប់លើគ្រួសារប្រជាជនសរុបចំនួន ៣,៥លានគ្រួសារ ស្ថិតក្នុងតំបន់ផ្សេងៗគ្នាទូទាំងប្រទេស ទាំងអ្នករស់ក្នុងលំនៅដ្ឋាន ស្ថាប័ន ផ្ទះសំណាក់ វត្តអារាម មន្ទីរពេទ្យ ពន្ធនាគារ ជាដើម លើកលែងតែប្រជាជនធ្វើការ រៀនសូត្រ ឬរស់នៅក្រៅប្រទេស គ្រួសារអង្គទូតក្រៅប្រទេសប៉ុណ្ណោះ។

អញ្ជើញថ្លែងសុន្ទរកថានាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានចាត់ទុកពិធីប្រកាសផ្សព្វផ្សាយ របាយការណ៍ជាតិនៃលទ្ធផលចុងក្រោយ ជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩នេះ ថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងស្របតាមច្បាប់ជាធរមាន និងបានសម្ដែងការកោតសរសើរចំពោះគណៈកម្មការជំរឿន ក្រសួងផែនការ វិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងមន្ត្រីជំរឿនរាប់ ម៉ឺននាក់ និងប្រជាជនកម្ពុជាដែលបានបំពេញកិច្ចការនេះប្រកបដោយជោគជ័យ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក៏បានថ្លែងអំណរគុណអង្គការមូលនិធិសហប្រជាជាតិ សម្រាប់ ប្រជាជន (UNFPA) និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ អាល្លឺម៉ង់ (GIZ) ព្រមទាំងអង្គការ Sida ដែលបាន ផ្តល់ជំនួយថវិកា និងបច្ចេកទេសគាំទ្រ និងរដ្ឋាភិបាលចិន ដែលបានផ្តល់ឧបករណ៍សម្រាប់ការងារជំរឿនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា រថយន្ត ម៉ូតូ និងឧបករណ៍អេឡិចត្រូនិចដូចជា ម៉ាស៊ីនសឺវ៉ើ កុំព្យួទ័រ ព្រីនធ័រ និង Tablets និងម៉ាស៊ីន បញ្ចាំងស្លាយ (LCD Projector) ជាដើម ។

សម្ដេចបានបន្ថែមថាជំរឿនប្រជាជន គឺជាប្រភពព័ត៌មានតែមួយគត់ស្តីអំពីចំនួន និងចរិត លក្ខណៈប្រជាជន ។ ជំរឿនប្រជាជនមាន វិសាលភាពរឹងមាំ ល្អិតល្អន់ និងអាចផ្តល់អោយនូវចំនួនប្រជាជនក្នុង តំបន់រហូតដល់ថ្នាក់តូចៗថែមទៀត ដែលប្រភពទិន្នន័យផ្សេងៗទៀតមិនមានឡើយ ។ ជំរឿនក៏ផ្តល់ជូនផងដែរ នូវក្របខ័ណ្ឌជ្រើសរើសគំរូ ក៏ដូចជាមូលដ្ឋាន នៃការធ្វើចំណោល ឬព្យាករណ៍ប្រជាជន ដែលជាកត្តាសំខាន់សម្រាប់ ការងារផែនការរយៈពេលវែង ។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានចែករំលែកជាមួយអង្គពិធីនូវមតិយោបល់មួយចំនួន អំពីតួនាទី និងអត្ថប្រយោជន៍ក្នុងការរៀបចំគោលនយោបាយរបស់ទិន្នន័យស្ថិតិ ពិសេសជំរឿនប្រជាជន ក្នុង ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជាយល់ឃើញថា ជាកិច្ចការសំខាន់មានអាទិភាព ខ្ពស់សម្រាប់ទទួលនូវហិរញ្ញប្បទានពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ផងដែរ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានផ្ដល់អនុសាសន៍ឱ្យប្រើប្រាស់ទិន្នន័យជំរឿននេះ ជាទិន្នន័យមានគុណភាពល្អ គួរជឿទុកចិត្តបានឱ្យបានទូលំទូលាយក្នុងការរៀបចំគោលនយោបាយ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធីផ្សេងទៀត ដោយត្រូវខិតខំវិភាគទិន្នន័យជំរឿននេះឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាការប្រើប្រាស់ និងតម្រូវការទិន្នន័យទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងខិតខំកៀគរដៃគូសហការធ្វើជំរឿនសេដ្ឋកិច្ច និងជំរឿនកសិកម្ម ។

សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់បណ្ដុះបណ្ដាល និងកសាងធនធានមនុស្សឱ្យមានប្រសិទ្ធភាពលើការងារធ្វើជំរឿន និងអង្កេត ពីព្រោះកិច្ចការនេះគឺជាកិច្ចការស្មុគស្មាញ និងជាពហុវិស័យ ។ សម្ដេចក៏បានណែនាំឱ្យមានការផ្សព្វផ្សាយទិន្នន័យជំរឿននេះឱ្យបានទូលំទូលាយ ដើម្បីបង្កើនការយល់ដឹង និងប្រើប្រាស់ស្ថិតិបានត្រឹមត្រូវ ។ សម្ដេចបានណែនាំឱ្យខិតខំពង្រឹងប្រព័ន្ធស្ថិតិជាតិ តាមរយៈការពង្រឹងបទបញ្ញត្តិ និងយន្តការនានាឱ្យស្របតាមច្បាប់ និងយុទ្ធសាស្រ្តជាតិ ចៀសវាងភាពជាន់គ្នាក្នុងការអង្កេត និងភាពប្រទាំងប្រទិសក្នុងការផ្សព្វផ្សាយលទ្ធផល ។

មុននឹងបញ្ចប់ពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពី លទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយសជូនថ្នាក់ដឹកនាំ មន្រ្តី និងដៃគូសហប្រតិបត្តិការនានា ដែលមានស្នាដៃក្នុងការចូលរួមអនុវត្ត និងគាំទ្រ ធ្វើឱ្យសម្រេចបានជោគជ័យការធ្វើជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ រហូតមានការប្រកាសជាផ្លូវការនៅថ្ងៃនេះ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *