ព័ត៌មានជាតិ

សាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើក្រុងព្រះសីហនុទទួលបានកញ្ចុះអង្គុយលេង និងប្រព័ន្ធអនាម័យលាងដៃជាអំណោយលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ


ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានឧបត្ថម្ភកញ្ចុះអង្គុយលេងធ្វើពីគ្រោងដែក ក្រាលឥដ្ឋការ៉ូប្រកហ្វីប្រូស៊ីម៉ងត៍២កន្លែង និងប្រព័ន្ធអនាម័យលាងដៃការពារបង្ការជំងឺកូវីដ១៩ ដល់សាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើ ក្រុងព្រះសីហនុ។

តាមរយៈមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ រដ្ឋបាលខេត្តក៏បានចេញលិខិតថ្លែងអំណរគុណមួយច្បាប់ ចុះហត្ថលេខាដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជូនលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលឧបត្ថម្ភថវិកាចំនួន៦០០០ ដុល្លាអាមេរិកសម្រាប់ការសាងសង់នេះផងដែរ។

សូមបញ្ជាក់ថា សាលារៀន ហ៊ុន សែន ឃ្លាំងលើស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ មានថ្នាក់រៀនចម្រុះចាប់តាំងពីថ្នាក់មតេយ្យ, បឋមសិក្សា, រហូតដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ មានសិស្សានុសិស្សជាង៣០០០នាក់, មានលោកគ្រូ អ្នកគ្រូជាង៨០នាក់ ហើយបច្ចុប្បន្នសិស្សានុសិស្សគ្រប់កម្រិតបានចូលរៀនក្នុងអគារថ្មី ដែលឧបត្ថម្ភដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

នៅចុងខែធ្នូ២០២០នេះ ស្របពេលដែលសិស្សានុសិស្សមកដាក់ពាក្យចូលរៀន លោកគ្រូ អ្នកគ្រូ បានមកសម្អាតអនាម័យ រៀបចំប្រព័ន្ធការពារ បង្ការជំងឺកូវីដ១៩ និងកិច្ចការទូទៅក្នុងសាលា មុនពេលសិស្សានុសិស្សចូលរៀនបវេសនកាលថ្មី ដែលគ្រោងបើកនៅថ្ងៃ១១ មករា ២០២១ខាងមុខនេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *