ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងមូលដ្ឋានខណ្ឌ-សង្កាត់ ចុះរៀបចំសណ្ដាប់ធ្នាប់និងផ្សព្វផ្សាយវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យណូអែល


(ភ្នំពេញ)៖នាយប់ថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២០,០០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចុះរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងបន្តខិតខំផ្សព្វផ្សាយវិធានការការពារបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានសំខាន់ៗមួយចំនួនដូចជា: ខាងមុខព្រះបរមរាជវាំង, សួនច្បារតាមបណ្ដោយមាត់ទន្លេចាប់ពីខាងមុខផ្សាររាត្រីរហូតដល់សួនច្បារស្ពាននាគកោះពេជ្រ, សួនច្បារសម្ដេចហ៊ុនសែនខាងមុខណាហ្គាវើល, សួនច្បារព្រះបរមរតនកោដ្ឋ, សួនច្បារវិមានឯករាជ្យ, សួនច្បារវត្តបទុមវតី និងទីតាំងសាធារណៈមួយចំនួនទៀតក្នុងមូលដ្ឋាន ដែលមានបងប្អូនប្រជាពលរដ្ឋអញ្ជើញមកលេងកម្សាន្តក្នុងឱកាសបុណ្យណូអែល ដែលមានចំនួនអ្នកមកលេងកម្សាន្តច្រើនជាងថ្ងៃធម្មតា ។

ដើម្បីធានាការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងចរាចរណ៍ ឲ្យបានល្អប្រសើរនោះរដ្ឋបាលខណ្ឌដូនពេញបានប្រើប្រាស់វិធានការនិងមធ្យោបាយសរុបរួមមាន: រថយន្តអន្តរាគមន៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញចំនួន ០២គ្រឿង, រថយន្តស្ទូចចំនួន ០១គ្រឿង, រថយន្តរបស់រដ្ឋបាលខណ្ឌចំនួន ០៤គ្រឿង បំពាក់ឧបករណ៍ផ្សព្វផ្សាយការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដាក់ផ្សព្វផ្សាយនៅតាមគោលដៅសំខាន់ៗដូចជា ខាងមុខព្រះបរមរាជវាំង សួនព្រះបរមរតនកោដ្ឋ សួនសម្ដេចអូនសែនខាងមុខណាហ្គាវើល និងសួនច្បារមុខវត្តបទុមវតី, ម៉ូតូអនាម័យ ០២គ្រឿង របស់រដ្ឋបាលសង្កាត់ផ្សារកណ្ដាលទី១ សង្កាត់វត្តភ្នំដាក់ឧបករណ៍បំពងសម្លេងផ្សព្វផ្សាយ, រថយន្ត ០២គ្រឿង របស់រដ្ឋបាលសង្កាត់ជ័យជំនះនឹងចតុមុខ ដាក់ឧបករណ៍បំពងសម្លេងសព្វផ្សាយ ដោយធ្វើការចុះល្បាតគ្រប់បណ្ដាផ្លូវក្នុងមូលដ្ឋានជាពិសេសទីកន្លែងសាធារណៈដើម្បីចូលរួមបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទដូចជាការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ ។

ក្នុងនោះលោកអភិបាល បានចាត់ឲ្យ លោក ចាន់ គន្ថេត អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងដោយឡែកមួយក្រុម ដើម្បីចុះពិនិត្យ ណែនាំតាមបណ្ដាមូលដ្ឋានអាជីវកម្មសេវាកម្មក្នុងវិស័យទេសចរណ៍ ក្លឹបកំសាន្ត បៀរហ្គាឌិន រង្គសាល ភោជនីយដ្ឋាន ឲ្យគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមអង្គការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងមូលដ្ឋាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *