ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បើកកិច្ចប្រជុំបន្ទាន់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

កំពង់ចាម÷ក្នុងយុទ្ធនាការវាយបកយ៉ាងក្តៅគគុក ពីការវាយលុកនៃមេរោគដ៏កាចសាហាវ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០- កុម្ភៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម-ប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នាសាលាខេត្តកំពង់ចាម ឯកឧត្តមអភិបាល អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីរៀបចំក្រុមការងារចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ដោយឥតគិតថ្លៃ។


កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកអភិបាលក្រុង-ស្រុកទាំង១០ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

តាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា វ៉ាក់សាំងលើកទី២នេះ ខេត្តកំពង់ចាមនឹងទទួលបានពីថ្នាក់ជាតិប្រមាណជា ៥ ម៉ឺនដូស សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងខេត្តប្រមាណ ២ម៉ឺន៥ពាន់នាក់ ដែលមានទីតាំងចំនួន ២៨ កន្លែងនៅទូទាំងខេត្ត ដោយការចាក់លើកទី២នេះ នឹងអាចចាប់ផ្តើមនៅក្នុងអំឡុងសប្តាហ៍ទី១ នៃខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។

ថ្លែងក្នុងកិច្ចបន្ទាន់នោះ ឯកឧត្តម អ៊ុន ចាន់ដា បានផ្តាំផ្ញើដល់ក្រុមការងារចាក់វ៉ាក់សាំងត្រូវពិនិត្យមើលទីតាំងដែលមានសេវា អ៉ីនធើណេត ងាយស្រួលដល់ការបញ្ជូនទិន្នន័យទៅកាន់កន្លែងទទួលរក្សាសុវត្ថិភាព រីឯការបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យ ដែលត្រូវអនុវត្តន៍ផ្ទាល់ក្នុងការចាក់វ៉ាក់សាំង សូមឲ្យមន្ទីរសុខាភិបាលធ្វើយ៉ាងណាយកចិត្តទុកដាក់តាមបទដ្ឋានបច្ចេកទេសវេជ្ជសាស្ត្រ និងស្របតាមវិធានរបស់ក្រសួងសុខាភិបាល។
ឯកឧត្តមអភិបាលបន្តថា ក្រុមការងារយើងត្រូវអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់សូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ដោយឡែកក្រុមគ្រូទេព្យចល័តដែលមាន ២២ ក្រុមនោះ សូមឲ្យមន្ទីរសុខាភិបាលត្រូវប្រើប្រាស់តាមជាក់ស្តែង និងកិច្ចសហការជាប្រចាំជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសជាមួយរដ្ឋបាលខេត្តកំពង់ចាម។ ជាពិសេសយើងទាំងអស់គ្នាត្រូវយល់ផងដែរថា ការចាក់វ៉ាក់សាំងនេះគឺដើម្បីប្រជាពលរដ្ឋ មន្ត្រីរាជការយើង បានរួចផុតពីជំងឺកូវីដ-១៩ លើសពីទៅទៀត យើងទាំងអស់គ្នា បានចូលរួមអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ និង ៣កុំ ដើម្បីទប់ស្កាត់នូវការរីករាលដាលជម្ងឺកូវីដ-១៩ និងរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ នៅកម្ពុជា៕

(ចៅ វង្ស i.k.)

adm

Leave a Reply

Your email address will not be published. Required fields are marked *