ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែងចូលរួមប្រជុំស្តីពី បច្ចុប្បន្នភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ ជាពិសេស មេរោគបម្លែងថ្មី ប្រភេទឌែលតា (Delta) ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធអនឡាញ ហ្សូម (Online Zoom)

ខ្ញុំបាទ បានចូលរួមប្រជុំស្តីពី បច្ចុប្បន្នភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ ជាពិសេស មេរោគបម្លែងថ្មី ប្រភេទឌែលតា (Delta) ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង តាមរយៈប្រព័ន្ធអនឡាញ ហ្សូម (Online Zoom)។

កិច្ចប្រជុំនេះ ក៍មានការចូលរួមពី ឯកឧត្តមថ្នាក់ដឹកនាំនៃទីស្តីការក្រសួងមហាផ្ទៃ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកក្នុងខេត្តព្រៃវែង ព្រមទាំងសមាសភាពថ្នាក់ក្រោមជាតិ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងកងកម្លាំងទាំងបី ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ចំពោះវត្តមានសម្តេចក្រឡាហោម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំនេះ ដែលសម្ដេចបានយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំចំពោះស្ថានភាពរស់នៅ និងការប្រឈមផ្សេងៗ របស់ប្រជាពលរដ្ឋ នៅក្នុងគ្រារងគ្រោះ និងការលំបាកក្នុងខេត្តព្រៃវែងដើម្បីមានវិធានការជួយអន្តរាគមន៍ និងផ្ដល់ជំនួយផ្សេងៗ គ្រប់ពេលវេលា។ ជាមួយគ្នានេះដែរ ខ្ញុំបាទ ក៍សូមថ្លែងអំណរគុណ ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកក្នុងខេត្តព្រៃវែងទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសម្របសម្រួលគ្រប់ស្ថានការ សំដៅពង្រឹងស្ថានភាពក្នុងបណ្តាក្រុង-ស្រុកនីមួយៗ ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពជាទីមោទនៈ។

ជាថ្មីម្តងទៀត សូមគោរពជូនពរ សម្តេចក្រឡាហោម និងលោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា អង្គប្រជុំទាំងមូល សូមជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លៀតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវនាពេលនេះ។
________________
១០ សីហា ២០២១

adm

Leave a Reply

Your email address will not be published. Required fields are marked *