ព័ត៌មានជាតិ

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង

 

ព្រៃវែង៖ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលពិធីនេះធ្វើនៅសាលាខេត្តព្រៃវែង។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានលើកឡើងដែរថា ក្រោយពីបានប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ រួចមក ក្រុមការងារបានអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសសកម្មភាព រួមគ្នាទាំងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ធ្វើការដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ដែល ទទួលបានតាមរយៈការរៀបចំវេទិកាសាធារណៈនៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ការចុះជួបសំណេះសំណាលសួរ សុខទុក្ខ និងការចូលរួមកម្មវិធីផ្សេងៗ ជាមួយប្រជាពលរដ្ឋ ស្របតាមសេចក្តីណែនាំលេខ០១ សណន ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្តីពីតួនាទីភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី-ខេត្ត។

ជាក់ស្ដែង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ បានប្រជុំផ្ទៃក្នុង ចំនួន៣៩២លើក បានចូលរួម សកម្មភាពក្នុងព្រឹត្តិការណ៍នានានៅមូលដ្ឋានចំនួន១.១៤១លើក ចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋចំនួន ៧៥៦លើក និងបានរៀបចំវេទិកាសាធារណៈ ចំនួន ១.៦៣៥លើក ក្នុងនោះទទួលបាននូវសំណើ សំណូមពររបស់ ប្រជាពលរដ្ឋ ដែលបានលើកឡើងសរុបចំនួន ១.៧៦១ករណី បានដោះស្រាយរួចចំនួន ១.៤៦៧ករណី កំពុង ដោះស្រាយ ១៣៣ករណ៏ មិនទាន់ដោះស្រាយចំនួន ១៤៥ករណី និងបញ្ជូនទៅថ្នាក់ជាតិ ចំនួន ១៦ករណ៏។

ឯកឧត្ដម អភិបាលខេត្ត បន្តថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ព្រៃវែង ប្តេជ្ញាចូលរួមអនុវត្តឲ្យបានជោគជ័យ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់និតិកាលទី៧នៃរដ្ឋសភា ជាពិសេស អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម អភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្ដម អភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ប្រធានក្រុមការងាររាជរដ្ឋាភិបាលដែលបានបែងចែកតួនាទីភារកិច្ចក្នុងការចុះជួយនៅតាមបណ្ដាលស្រុកនីមួយៗក្នុងខេត្តព្រៃវែងត្រូវខិតខំយកចិត្តទុកដាក់ ចុះជួយដោះស្រាយរាល់បញ្ហាទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាដើម្បីឲ្យ ខេត្តព្រៃវែងនេះ កាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្ដម អភិសន្តិ បណ្ឌិត មានប្រសាសន៍ ណែនាំដល់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ទាំងអស់ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព ដើម្បីធានានូវសន្តិសុខជូនប្រជាពលរដ្ឋ។ បន្តធ្វើវេទិកាសាធារណៈ និងការចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីក្តាប់ឲ្យបានពីតម្រូវការ សំណូមពរ និងបញ្ហាប្រឈមនានាសម្របសម្រួលកៀរគរគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធពីដៃគូនានា ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *