ព័ត៌មានជាតិ

ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»

ព្រៃវែង៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ក្រោមអធិបតីភាព ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពីកម្មករ និយោជកសហគ្រាស ធនាគារ ជាច្រើនរូបផងដែរដែលធ្វើនៅសាលាស្រុកស្វាយអន្ទរ នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ពិធីនេះ គឺប្រារព្ធឡើងក្នុង ន័យរំលឹកដល់បុព្វហេតុរបស់ពលករ-កម្មករ នៅលើពិភពលោកទាំងមូល បានតស៊ូទាមទារសេរីភាព និងយុត្តិធម៌ កាលពី១៣៨ឆ្នាំមុន នៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក ។

ឯកឧត្ដម អភិបាលខេត្ត បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីគោល នយោបាយនានា ដើម្បីធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា សំដៅសម្រេចឲ្យបាននូវ ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយនឹងចក្ខុវិស័យដែលប្រជាជនកម្ពុជាគ្រប់រូបចង់បាន រាជរដ្ឋាភិបាលកម្ពុជា  បានប្តេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមឲ្យមានប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយ ឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ តាមរយៈការផ្តោតកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ, ក្រុមងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។ ជាក់ស្តែង រាជរដ្ឋាភិបាល បានកំណត់យក កម្មវិធីជាតិជំនួយ សង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ជាកម្មវិធីគោលនយោបាយអាទិភាព ក្នុងចំណោមកម្មវិធីគោលនយោបាយនានា ដើម្បីជំរុញការកសាងប្រព័ន្ធជំនួយសង្គម សំដៅកសាងសង្គមកម្ពុជាមួយមានភាពធន់ និងបរិយាប័ន្នតាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស និងការលើកកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្រីក្រ គ្រួសារងាយរងគ្រោះនិងគ្រួសារងាយរងហានិភ័យ។

ឯកឧត្ដម បន្ថែមទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលប្រជាពលរដ្ឋទូទាំងប្រទេសបោះឆ្នោតគាំទ្រ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានគោលដៅចម្បង រក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ប្រទេសជាតិនិងរក្សាឧត្តមរបេយោជន៍របជាជន។

បើយោងតាមរបាយការណ៍របស់ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រៃវែង បានឲ្យដឹងថា នៅឆ្នាំ២០២៣ ខេត្តព្រៃវែងមានសហគ្រាសចំនួន ២១១សហគ្រាស បានចុះបញ្ជីកានៅមន្ទីរ មានកម្មករ និយោជិត សរុប ៧ ៤៧៩នាក់ ស្រី ៣ ៩៣៣ នាក់ក្នុងនោះរួមមាន ៖
+ វិស័យកាត់ដេរចំនួន ១០សហគ្រាស មានកម្មករ និយោជិតសរុប ២ ៤៤៤នាក់ ស្រី ២ ១៨៤ នាក់
+ វិស័យក្រៅពីកាត់ដេរចំនួន ២០១សហគ្រាស មានកម្មករ-និយោជិតសរុប ៥ ០៣៥ នាក់ ស្រី១៧៤៩នាក់
– បានចុះបញ្ជីកាលើសេចក្តីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិកចូលចំនួន ៤៧សហគ្រាស សំណើ
ចំនួន៥០ មានកម្មករ និយោជិតសរុប ២៨៤នាក់ ស្រី ១០១នាក់
– បានចុះបញ្ជីកាលើសេចក្តីប្រកាសជូនដំណឹងអំពី ចលនាបុគ្គលិកចេញចំនួន ៨២សហគ្រាស សំណើ
ចំនួន៩៦ មានកម្មករ និយោជិតសរុប ២២៧នាក់ ស្រី ៤៩នាក់
-បានចុះទិដ្ឋាការចូលចំនួន ០៦នាក់ ស្រី០១នាក់
– បានចុះទិដ្ឋាការចេញចំនួន ៦៨នាក់ ស្រី១៣នាក់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *