ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនគួ្រសារកីក្រមានកូនពិការក្នុងបន្ទុក៣នាក់


ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយក រទះរុញ និងសម្ភារៈមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ លោកស្រី ប្រាក់ មន្ថា ដែលមានកូនពិការភាព ៣នាក់ រស់នៅក្នុងបន្ទុក នាព្រឹកថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ នៅខេត្តស្វាយរៀង។

លោកស្រី ប្រាក់ មន្ថា (ជាស្ត្រីមេម៉ាយ) អាយុ ៥១ឆ្នាំ រស់នៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា ប្តីរបស់គាត់មានឈ្មោះ អ៊ុ តេង អាយុ ៤៦ឆ្នាំ មានកូន ៣នាក់ជាចំណងដៃ ក៏ប៉ុន្តែកូនទាំង ៣នាក់នេះ អភ័ព្វណាស់ កើតមកក្រិន ពិការ គម ដៃជើងខ្វិនដូចគ្នា។ កូនទី ១ ឈ្មោះ តក់ ធារ៉ា ភេទស្រី អាយុ ២៤ឆ្នាំ បានរៀនដល់ថ្នាក់ទី ៥ ក៏ត្រូវបានឈប់រៀន កូនទី ២ ឈ្មោះ តក់ ធារី ភេទស្រី អាយុ ២១ឆ្នាំ បានទៅរៀននៅភ្នំពេញ ក្រោមការឧបត្ថម្ភរបស់អង្កការ LAVALA ស្ថិតនៅក្នុងក្រុង តាខ្មៅ។ កូនទី ៣ ឈ្មោះ តក់ រាត្រី ភេទ ប្រុស អាយុ ១២ ឆ្នាំ ពុំទាន់បានចូលរៀននៅឡើយទេ។

លោកស្រីបានបន្តទៀតថា នៅក្នុងសម័យកូវីដ១៩នេះ លោកស្រីក៏បានទទួលការឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈ បណ្ណសមធម៌ នៃគ្រួសារកីក្រ (ក្រ២) ចំនួន ៥ខែ រួចមកហើយ ដោយក្នុងមួយខែៗទទួលបាន ១៩២.០០០រៀល។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏មានប្រសាសន៍ថា ការនាំយកអំណោយមកប្រគល់ជូន នាពេលនេះបន្ទាប់ពីលោកជំទាវបានឃើញការអំពាវនាវរបស់លោកស្រី ប្រាក់ មន្ថា បានផ្សព្វផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន ទើបលោកជំទាវបានចាត់ឲ្យ លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ ធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារដោយផ្ទាល់និងមានការជួបជុំនាថ្ងៃនេះ។

ជាមួយគ្នានោះ លោកជំទាវក៏បានផ្តាំផ្ញើឲ្យអភិបាលស្រុកកំពង់រោទិ៍ ធ្វើការសម្របសម្រួលក្នុងការនាំយកក្មួយៗបានទៅចុះឈ្មោះចូលរៀននៅក្នុងបវេសនកាលឆ្នាំសិក្សាថ្មីនេះ។ អំណោយនាពេលនេះ រួមមាន ៖ រទេះរុញ ២គ្រឿង អង្គរ ទឹកស៊ីអ៊ីវ ទឹកត្រី សម្លៀកបំពាក់ ស្ករស ទឹកដោះគោ ទឹកសុទ្ធ មី និងថវិកាមួយចំនួន និងការឧបត្ថម្ភជាប្រចាំខែរបស់ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប លោកស្រី ប្រាក់ មន្ថា ក៏សូមគោរពថ្លែងអំណរគុណដល់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាពិសេស ក៏សូមគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលបានផ្តល់ជារទេះ ស្បៀងអារហារមួយចំនួននាពេលនេះ ។ លោកស្រីក៏បានគោរពជូនពរដល់ សម្តេច ឯកឧត្តម លោកជំទាវ ដែលជាសប្បុរសជនទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ ព្រមទាំង ពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *