ព័ត៌មានជាតិ

រដ្ឋមន្ត្រីសង្គមកិច្ចឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញលើកទឹកចិត្តដល់ជ័យលាភីឈ្នះមេដាយពីការប្រកួតប្រជែងជាសកលផ្នែកព័ត៌មានបច្ចេកវិទ្យាដល់ប្រលានយន្តហោះ

 

ភ្នំពេញ៖ យុវជនមានពិការភាពឈ្មោះ ចនពៅ ស៊ីរ៉ាណូ អាយុ ១៥ឆ្នាំ ពិការកាយសម្បទា បានទទួលជ័យជំនះឈ្នះបានមេដាយ Best (1st) ស្មើនឹងមេដាយមាស ចំនួន ១គ្រឿង លើវិញ្ញាសា eLifeMap លក្ខណៈជាឯកបុគ្គល។ ទន្ទឹមនេះ យុវជន ចនពៅ ស៊ីរ៉ាណូ អាយុ ១៥ឆ្នាំ ពិការកាយសម្បទា មកវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី យុវជន យ៉េន មិថុនា អាយុ ១៩ឆ្នាំ ពិការកាយសម្បទា មកពីអង្គការឡាវ៉ាឡា វិទ្យាល័យ ហ៊ុន សែន តាខ្មៅ យុវជន បូ វិសាល អាយុ ២២ឆ្នាំ ពិការកាយសម្បទា មកពីអង្គការឡាវ៉ាឡា វិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងយុវជន សឹម សៀងហាយ អាយុ ១៦ឆ្នាំ ពិការកាយសម្បទា មកពីអង្គការឡាវ៉ាឡាវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានទទួលជ័យជំនះឈ្នះមេដាយ Good (3rd) ស្មើមេដាយសំរិទ្ធិចំនួន ៤គ្រឿងលើវិញ្ញាសារ eConten លក្ខណៈជាក្រុម (ចំនួន ៤រូប)។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនប្រតិភូជ័យលាភីខាងលើនៅឯច្រកទ្វារយន្តហោះនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។ កម្មវិធីនេះការមានឥស្សរជននៃក្រសួងសង្គមកិច្ច និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមអមដំណើរឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ ជា ផល្គុន បានសម្តែងក្តីសប្បាយរីករាយ ចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះជ័យលាភីទាំងអស់គ្នា ព្រោះថានេះគឺជាមុខមាត់កិត្តិយសថ្មីមួយទៀតជាប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា សម្រាប់វិស័យពិការភាព និងសម្រាប់ជនមានពិការភាព ព្រមទាំងក្រុមគ្រួសារផ្ទាល់ផង។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចំនួន ២រូប បានដឹកនាំយុវជនមានជនពិការភាព ចំនួន ៤រូប ចូលរួមកម្មវិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានបច្ចេកវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ លើកទី១២ នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមេរ៉ាត។

កម្មវិធីប្រកួតនេះមានអ្នកចូលរួមមកពីបណ្តាប្រទេសចំនួន ១៨ប្រទេសនៅលើពិភពលោក សរុបចំនួន ៥៣៦នាក់ ក្នុងនោះយុវជនមានពិការភាពចំនួន ៤៦១រូប (ប្រកួតផ្ទាល់ចំនួន ៩៥រូប និងប្រកួតតាមអនឡាញចំនួន ៣៦៦រូប)។

បេក្ខជនមានពិការភាពទាំងអស់អញ្ជើញមកពី៖ ព្រះរាជាណាចក្រកម្ពុជា អារ៉ាប់អេមីរ៉ាត កូរ៉េ ប៉ាគីស្ថាន អេហ្ស៊ីប ណេប៉ាល់ ម៉ុងហ្គោលី កេនយ៉ា អេចូពី បង់ក្លាដែស ចិន ឥណ្ឌា វៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឡាវ និងឥណ្ឌូនេស៊ី។

មានវិញ្ញាសាចំនួន៦ សម្រាប់ការប្រកួតប្រជែងនេះរួមមាន៖ ទី១-វិញ្ញាសា eTool (Power point) ទី២-វិញ្ញាសា eTool (Excel) ទី៣-វិញ្ញាសា eLifeMap ទី៤-វិញ្ញាសា eContents ទី៥-វិញ្ញាសា eCreative_Smart Car និងទី៦-វិញ្ញាសា eCreative_IoT៕

adm

Leave a Reply

Your email address will not be published. Required fields are marked *