ព័ត៌មានស៊ើបអង្កេត

សកម្មភាពកាប់បំផ្លាញព្រៃឈើនិងកាប់រានដីព្រៃក្នុងដំបន់ព្រៃឡង់នៅតែបន្តកើតមានជាហូរហែរ

យោងតាមសេចក្តីថ្លែងការណ៍របស់សមាជិកបណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត កំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង កាលពីថ្ងៃអាទិត្យ ៣កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលកំពុងធ្វើការងារស្ម័គ្រចិត្តការពារព្រៃ ការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ បានអះអាងថា សកម្មភាពកាប់ឈើ ការដឹកជញ្ជូនឈើ ការប្រើប្រាស់អាវុធកែច្នៃ និងការបរបាញ់សត្វព្រៃយ៉ាងអនាធិបតេយ្យនៅតែបន្តកើតមាន។

នៅពេលដែលព្រៃឡង់ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការងារគ្រប់គ្រងរបស់ក្រសួងបរិស្ថាន គេសង្កេតឃើញថា បទល្មើសមានការកើនឡើងច្រើនជាង ការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀតនោះគឺ តាំងពីក្រសួងបរិស្ថានបានហាមឃាត់បណ្តាញសហគមន៍ព្រៃឡង់មិនឱ្យចុះល្បាត បទល្មើសមានសេរីភាពចេញចូលព្រៃឡង់កាប់ឈើ និងដឹកជញ្ជូនបានយ៉ាងរលូន ដោយគ្រាន់តែបង់ប្រាក់ជូនមន្ត្រីតាមស្នាក់ការត្រួតពិនិត្យ ជាថ្នូរនឹងការទទួលបានការអនុញ្ញាតឱ្យប្រព្រឹត្ដបទល្មើសក្នុងព្រៃឡង់។

ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០រហូតមកដល់បច្ចុប្បន្ន គេបានសង្កេតឃើញសកម្មភាពល្មើសច្បាប់ នៅជុំវិញតំបន់ព្រៃឡង់ បន្ដកើតមានយ៉ាងអនាធិបតេយ្យដូចជា៖
១. ការកាប់បំផ្លាញដើមជ័រច្បោះនិងដើមឈើធំៗនៅក្នុងតំបន់ព្រៃឡង់ ដោយជនអនាធិបតេយ្យ និងក្រុមហ៊ុន Think Biotech Co.,Ltd ស្ថិតក្នុងខេត្ដក្រចេះ ក្រុមហ៊ុន Thy Nha Co., Ltd Development, and Investment និងក្រុមហ៊ុន PNT ស្ថិតក្នុងខេត្ដព្រះវិហារ ។
២. សកម្មភាពការដឹកជញ្ជូនឈើជាច្រើនគោយន្តក្នុងមួយថ្ងៃៗ និងឧបករណ៍សម្រួលដល់ការកាប់ឈើ ឆ្លងកាត់មុខស្នាក់ការយាមល្បាតរបស់មន្ត្រីឧទ្យានុរក្សនីមួយៗដោយពុំមានចំណាត់ការច្បាស់លាស់។
៣. ការកាប់រានដីព្រៃ និងការតាំងទីលំនៅអនាធិបតេយ្យនៅក្នុងព្រៃតំបន់ទ្រនាប់នៃព្រៃការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ ដោយអ្នកមានអំណាច និងប្រជាពលរដ្ឋអ្នកចំណូលថ្មី។
៤. ការប្រើប្រាស់អាវុធកែច្នៃ យ៉ាងអនាធិបតេយ្យពីសំណាក់ក្រុមបទល្មើស និងប្រជាពលរដ្ឋក្បែរតំបន់ព្រៃឡង់ ដែលបានគំរាមកំហែងដល់អ្នកការពារធនធានធម្មជាតិ និងសត្វព្រៃ។


៥. ការដាក់អន្ទាក់ ការបំពុល ការឆក់ និងការប្រើប្រាស់ឧបករណ៍ខុសច្បាប់ផ្សេងទៀត បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់និរន្ដភាពជីវចម្រុះ និងបរិស្ថាន។

សកម្មភាពល្មើសច្បាប់អនាធិបតេយ្យទាំងប្រាំធំៗខាងលើនេះ ពួកគេបានកត់សម្គាល់ឃើញថា គ្មានវិធានការណាមួយទប់ស្កាត់គួរឱ្យកត់សម្គាល់ឡើយ។

ប្រជាពលរដ្ឋ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេត្តា៖
១. ស្នើសុំឱ្យរាជរដ្ឋាភិបាលតាមដានត្រួតពិនិត្យ និងដកចេញពីតួនាទីជាមន្រ្តីរាជការ ចំពោះមន្ត្រីរូបណាដែលពាក់ព័ន្ធជាមួយបទល្មើស និងអសកម្មក្នុងការបំពេញតួនាទីរបស់ខ្លួន។
២. បញ្ឈប់ការអនុញ្ញាតឱ្យមានការដឹកជញ្ជូនឈើ និងស្ដុកទុកនូវសម្ភារៈផ្សេងទៀតសម្រាប់បម្រើឱ្យការកាប់បំផ្លាញព្រៃឈើចេញពីដែនជម្រកសត្វព្រៃ ព្រៃឡង់។
៣. ស្នើសុំឱ្យរាជរដ្ឋាភិបាល ពិសេសក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ រៀបចំផែនការយុទ្ឋសាស្រ្តជាក់លាក់ក្នុងការប្រយុទ្ឋប្រឆាំងការកាប់បំផ្លាញព្រៃឈើ ការកាប់រានដីព្រៃសម្រាប់កសិកម្មថ្មីៗ ការតាំងទីលំនៅអនាធិបតេយ្យ កាំភ្លើងកែច្នៃ ការបរបាញ់ និងសម្ភារៈសម្រាប់បម្រើឱ្យការប្រព្រឹត្តបទល្មើសផ្សេង ទៀត។
៤. សូមឱ្យរាជរដ្ឋាភិបាល ចាត់វិធានការដកហូតម៉ាស៊ីនរណាយន្ត រោងសិប្បកម្មកែច្នៃឈើ អាវុធកែច្នៃគ្រប់ប្រភេទ ចេញពីភូមិ ឃុំ ស្រុក ខេត្ត ទីតាំងធ្វើអាជីវកម្ម នៅជុំវិញព្រៃឡង់ទាំងបួនខេត្ត និងបញ្ឈប់ការនាំចូលបន្តទៀត។
៥. រាជរដ្ឋាភិបាលត្រូវតែអនុវត្តន៍បទបញ្ញត្តិ និងច្បាប់នានាក្នុងកិច្ចការការពារព្រៃឈើក្នុងតំបន់អភិរក្ស។
៦. អំពាវនាវ និងលើកទឹកចិត្តដល់ប្រជាជនកម្ពុជា សាកលលោកទាំងមូល ត្រូវចូលរួមយ៉ាងសកម្ម ទាំងអស់គ្នាទោះដោយផ្ទាល់ ឬប្រយោលដើម្បីបុព្វហេតុការពារធនធានធម្មជាតិ។
៧. សូមឱ្យតួអង្គអន្តរជាតិសំខាន់ៗ ធ្វើការចាប់អារម្មណ៍វិភាជន៍នូវធនធានដល់កម្ពុជា និងបណ្តាប្រទេសដែលរងផលប៉ះពាល់ពីការកាប់បំផ្លាញព្រៃឈើ បម្រែបម្រួលអាកាសធាតុ និងធនធានធម្មជាតិ។
ដោយ.លោកចាន់ ធី

 

adm

Leave a Reply

Your email address will not be published. Required fields are marked *