ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោកប្រគល់គ្រឿងឧបភោគបរិភោគដល់សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត ដើម្បីចែកគ្រួសារយោធិនដែលខ្វះខាត Mon/០៧/Dec/២០២០


ខេត្តស្ទឹងត្រែង ៖ សម្ភារៈជាគ្រឿងឧបភោគបរិភោគ ត្រូវបានផ្តល់ជូនដល់គ្រួសារកងទ័ព ខណៈជួបការខ្វះខាត។ ការផ្តល់ជូន និងទទួលគ្រឿងឧបភោគបរិភោគនេះផងដែរ ធ្វើឡើងតាមរយៈតំណាងរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមន៍ អតីតយុទ្ធជនកម្ពុជា នាថ្ងៃទី០៦ធ្នូ ម្សិលមិញ ដោយមានការអញ្ជើញទទួលអំណោយពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងជាប្រធានសមាគមន៍អតីតយុទ្ធជនខេត្ត លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន និងមានការចូលរួមពី មន្ត្រី នៃអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត នៅក្នុងអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង។

អំណោយរបស់អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តល់ជាអង្ករ៣តោន មី២០០កេស ដល់សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ដើម្បីបម្រើដល់វិស័យមនុស្សធម៌ ក្នុងការជួយដល់គ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត។

លោកអនុសេនីយ៍ឯក វ៉ាំង សុភា ជំនួយការ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ពីមេបញ្ជាការកងទ័ពជើងគោក ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ក៏ដូចជាគ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជនទាំងអស់ នៅគ្រានោះផងដែរ។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលតែងតែបានឧបត្ថម្ភគាំទ្រ ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ទាំងកងទ័ព ទាំងនគរបាល និងអាវុធហត្ថជាតិ ជាពិសេស កងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម សម្តេចតែងតែយកចិត្តទុកដាក់ ហើយយនៅក្នុងរដូវភ្លៀង ក៏បានផ្តល់ជូនអាវភ្លៀង និងនៅក្នុងរដូវរងារ បានផ្តល់ជូននូវអាវរងារ ហើយនឹងបានជួយឧបត្ថម្ភ ដល់ការងារអតីតយុទ្ធជន ផ្តល់ជូនគ្រប់ខេត្ត ដើម្បីផ្តល់លទ្ធភាពដល់ប្រធានអង្គភាព នាំយកទៅចែកជូនដល់គ្រួសារយោធិន និងអតីតយុទ្ធជន ដែលមានការលំបាកខ្វះខាតក្នុងជីវភាពរស់នៅ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *