ព័ត៌មានជាតិ

ឯកឧត្តម អភិបាលខេត្តព្រៃវែង ក្មួយៗ សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ព្រោះថា ក្មួយៗ សិស្សា នុសិស្ស គឺជាទំពាំងស្នងឬស្សី និងជាសសរទ្រូងនៃប្រទេសជាតិ

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ ថា ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានពូកែព្រោះថា  ក្មួយៗ សិស្សានុសិស្សគឺជាទំពាំងស្នងឬស្សី និងជាសសរទ្រូងនៃប្រទេសជាតិ ក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនទៅមុខជាលំដាប់ ព្រមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងគុណភាព និងលើកស្ទួយនៃវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាយើងឲ្យកាន់តែខ្លាំងឡើងធ្វេដងដូចបណ្ដាប្រទេសដែលអភិវឌ្ឍន៍នោះដែរ ដែលការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី ២ មករា ឆ្នាំ២០២៣។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ក៏បានមានប្រសាសន៍បន្ថែមទៀតថា ថ្ងៃនេះគឺជាថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ គឺជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិត សិក្សាដំបូងរបស់ក្មួយៗដែលទើបនឹងត្រូវដល់អាយុចូលរៀន និងជាថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗ សិក្សានុសិស្ស ជាកុលបុត្រ កុលធីតា របស់ប្រទេសជាតិយើង។

ឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួង សា្ថប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរជន គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការធានាបាននូវដំណើរការរៀន និងបង្រៀនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល តាមគ្រប់រូបភាពក្នុង អំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក។

ឆ្លងកាត់ដំណាក់កាលដ៏លំបាក ដែលប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក និងតាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស បានយ៉ាងហោចបីដូស បានធ្វើឱ្យ យើងអាចរៀនសូត្រ និងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវ “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ” ដែលក្នុងនោះយើង បានចាត់ទុកអាយុជីវិតរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្សជាកត្តាអាទិភាព, ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ, និងការរៀបចំដំណើរការអប់រំ រួមទាំងប្រព័ន្ធអប់រំ ដែលមានភាពធន់ និងឆ្លើយតបទៅនឹងវិបត្តិ។ ឆ្លងតាមបទពិសោធន៍ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាង មុតមាំថា ដំណើរការឆ្នាំសិក្សាថ្មី ២០២២-២០២៣ នឹងបន្តប្រព្រឹត្តទៅដោយរលូន ដើម្បីធានាបាននូវសុវត្ថិភាព ក្នុងការរៀនសូត្ររបស់សិស្សានុសិស្សយើង ក៏ដូចជា ការប៉ះប៉ូវឡើងវិញនូវកំហាតការសិក្សា ដែលបានខាតបង់ នាពេលកន្លងមក។

លោក បា៉វ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានឲ្យដឹងថា សាលាមត្តេយ្យសិក្សាទូទាំងខេត្តមាន ៣៩៩ សាលា, 

-សាលាមត្តេយ្យដាច់មាន ២២ សាលា 

-មត្តេយ្យសិក្សាសហគមន៍មានចំនួន ២៩៦ កន្លែង 

-មត្តេយ្យសិក្សាសហគមន៍មត្តេយ្យដែលមានលក្ខណៈស្តង់ដារចំនួន ៨៤ កន្លែង 

-សាលាបឋមសិក្សាមានចំនួន ៥៤៧ សាលា។

-អនុវិទ្យាល័យមានចំនួន ៩៣ សាលា។

-វិទ្យាល័យរដ្ឋមានចំនួន ៣២ សាលា 

-វិទ្យាល័យគាំទ្រដោយអង្គការដៃគូចំនួន ០១ សាលា។

ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ 

-មានសិស្សប្រឡងជាប់សរុប ៥ ៧៩៩ នាក់ ស្រី ៣ ៤៨៤ នាក់ ស្មើនឹង ៧៥,៧៤% ក្នុងនោះស្រី ៨២,២៥%

ក្នុងនោះមាន*សិស្សជាប់និទ្ទេស A = ៦១ នាក់ ស្រី ៣៧ នាក់

*សិស្សជាប់និទ្ទេស B = ៥៧៧ នាក់ ស្រី ៣៧១ នាក់ *សិស្សជាប់និទ្ទេស C = – ១ ៤៤១ នាក់ ស្រី ៩៣១ នាក់

*សិស្សជាប់និទ្ទេស D = ១ ៩២០ នាក់ ស្រី ១ ១៤២ នាក់

*សិស្សជាប់និទ្ទេស E = ១ ៨៣០ នាក់ ស្រី ១ ០០៣ នាក់។ 

-ប្រឡងសិស្សពូកែទូទាំងប្រទេស ជាប់ជ័យលាភី ថ្នាក់ទី៩ =០៦នាក់ ស្រី០៤នាក់ ថ្នាក់ទី១២ =០៥នាក់

ស្រី០៤នាក់ សរុប ១១ នាក់ ស្រី ០៨នាក់) មេដាយ មាស ០៣ នាក់ ស្រី ០២ នាក់ មេដាយប្រាក់ ០១ នាក់ សី្រ មេដាយ សំរឹទ្ធ០១ នាក់ស្រី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *