ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ

នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ បន្ទាប់ពីកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួនបានម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃមួយគ្រឿងនៅចំណុចម្ដុំផ្សារដេប៉ូ ស្ថិតក្នុងខណ្ឌទួលគោគ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៣៖៥៥នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

ជនសង្យ័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ម្តុំផ្សារសាមគ្គី សង្កាត់ទួលសង្កែ ខណ្ឌរស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យបានយកសំណាករួចដោយប្រើឧបករណ៍តេស្តរហ័ស ( Rapit Test) លទ្ធផលអវិជ្ជមានកូវីត-១៩។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា នៅវេលាម៉ោង១៤៖០០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ខ្លួន និងបក្ខពួកម្នាក់ទៀត បានធ្វើដំណើរនៅម្ដុំផ្សារដេប៉ូ ក៏ប្រទះឃើញទូរស័ព្ទដៃមួយគ្រឿង ម៉ាក Iphone 7plus ដែលម្ចាស់បានសាកថ្មទុកចោលនៅលើម៉ូតូកង់បី (ផាស់អាប់) ដោយឃើញឱកាសល្អ ពួកខ្លួនបានធ្វើសកម្មភាពលួចយកទូរស័ព្ទនោះតែម្តង។ រហូតមកដល់ម៉ោង១៤៖៤០នាទីថ្ងៃដដែល បក្ខខ្លួនត្រូវបានជនរងគ្រោះរកឃើញតាមរយៈប្រព័ន្ឌGPSទូរស័ព្ទ និងបានរាយការណ៍ដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ដែលល្បាតការពារនៅគោលដៅនោះ ធ្វើអន្តរាគមន៍ឃាត់ខ្លួនបានរូបខ្លួន រីឯបក្ខពួកម្នាក់បានកំពុងរត់គេចខ្លួន។ ហើយកម្លាំងអាវុធហត្ថខណ្ឌចំការមន ក៏បានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *