ព័ត៌មានជាតិ

រដ្ឋមន្ដ្រីវេងសា​ខុននិងស​ហការីបានអញ្ជើញមកពិ​និត្យក្រុមហ៊ុនសា​​ជីវកម្ម កសិ-ជលផលនិងចំ​ណី​អា​ហារកូរ៉េ

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រីវេងសាខុននិងសហការីបានអញ្ជើញមកពិនិត្យក្រុមហ៊ុន សាជីវកម្ម និងកសិ-ជលផល និងចំណីអាហារកូរ៉េ (Korea Agro-Fisheries & Food Trade Corporation, AT)។ ក្នុងជំនួបពិភាក្សា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Mr. Choon-Jin Kim មានមតិស្វាគមន៍គណ:ប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តមរដ្ឋមន្ដ្រី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងជាពិសេសមកធ្វើទស្សនកិច្ចនៅស្នាក់ការធំក្រុមហ៊ុន AT នារសៀលថ្ងៃនេះ។ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើការធ្វើកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រាប់ថ្ងៃអនាគត។ ខ្លឹមសារនៃជំនួបពិភាក្សា ឯកឧត្តមរដ្ឋមន្ដ្រីបានជម្រាបជូន Mr. Choon-Jin Kim អំពីសក្តានុពលវិស័យកសិកម្មកម្ពុជា ដំណាំកសិ-ឧស្សាហកម្មសំខាន់ៗដែលអាចធ្វើ ការកែច្នៃ និងនាំចេញ។ ដំណើរទស្សនកិច្ចមកកាន់ក្រុមហ៊ុននារសៀលថ្ងៃនេះគឺដើម្បីបង្កើតកិច្ចសហការលើការងារកសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរធ្វើយ៉ាងណាឲ្យកសិផលកម្ពុជាមានលទ្ធភាពនាំចូលមកសាធារណ:រដ្ឋកូរ៉េនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ដ្រីបន្តថា ពិតណាស់ការនាំចេញនឹងផ្តល់ឱកាសដល់ក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាអ្នកផលិត មានឱកាសបង្កើនផលិតភាពផលិតកម្ម បង្កើនការកែច្នៃវត្ថុធាតុដើម និងបង្កើនតម្លៃបន្ថែម ហើយពិតជានឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រទេស ក៏ដូចប្រជាកសិករកម្ពុជា តាមការរំពឹងទុករបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ អនុស្សរណ:នៃការយោគយល់គ្នាដែលនឹងត្រូវចុះហត្ថលេខានៅរសៀលថ្ងៃនេះ នឹងដើរតួនាទីសម្របស្រួលដល់ការនាំចេញកសិផលកម្ពុជាមកកូរ៉េ និងផលិតផលកូរ៉េទៅកាន់កម្ពុជាវិញ។ សូមជម្រាបជូនថា ខ្លឹមសារសំខាន់នៃឯកសារកិច្ចព្រមព្រៀង MOU រវាងភាគីទាំងបីគឺ ÷ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន Orient Group និងក្រុមហ៊ុនសាជីវកម្ម និងកសិ-ជលផល និងចំណីអាហារកូរ៉េ មានដូចខាងក្រោម ÷
១- ពង្រីកការផ្លាស់ប្តូរវប្បធម៌ម្ហូបអាហាររវាងកម្ពុជា និងកូរ៉េ និងជំរុញការធ្វើកសិ-ពាណិជ្ជកម្ម។
២- ឲ្យតម្លៃលើការអនុវត្ត បរិស្ថាន សង្គម និងអភិបាលកិច្ច (Environment, Social and Gorvernan, ESG)។ ឧទាហរណ៍ Pursuing the low-carbon food lifestyle campaign “Global Green Food Day” ។
៣- សហការគ្នារៀបចំពិពណ៌សាធារណ:អំពីវប្បធម៌ ឬក៏ប្រពៃណីម្ហូបអាហាររបស់ប្រទេសទាំងពីរ។
៤- ផ្តល់ប្រឹក្សាយោបល់អំពីការចែកចាយផលិតផលកសិ-ជលផល និងការដឹក ជញ្ជូន។
៥- ផ្តល់ប្រឹក្សាយោបល់អំពីថាត្រូវធ្វើយ៉ាងណាដើម្បីបង្កើនប្រាក់ចំណូលសម្រាប់កសិករ និងអ្នកនេសាទ។ជំនួបត្រូវបានបញ្ចប់ក្នុងបរិយាកាសមិត្តភាព និងកិច្ចសប្រតិបត្តិគ្នាដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។ បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញទៅពិនិត្យកន្លែងដេញថ្លៃលក់ផ្កា សួនផ្កាទៅតាមប្រភេទផ្កានីមួយៗនិងកន្លែងដាក់តាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *