ព័ត៌មានសន្តិសុខសង្គម

ឆ្លង​ចរន្ត​ឆ្នាំង​សាក​ទូរ​សព្ទ ឆេះ​ផ្ទះ​លោក​មេ​ភូមិ​រង ១​ខ្នង​ទាំងស្រុង

(ភ្នំពេញ) ៖ ផ្ទះ​ឈើ​ខាងលើ និង​បន្ទប់​ថ្ម​ក្រោម ១​ខ្នង ដែល​ជា​ផ្ទះ​របស់​លោក​មេ​ភូមិ​រង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង រួម​ទាំង​ទ្រព្យសម្បត្តិ នៅ​ក្នុង​នោះ​ទាំងអស់​ផង​ដែរ ដែល​សមត្ថកិច្ច​បាន​ប្រាប់​ថា មូលហេតុ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ពី​ខ្សែភ្លើង​ឆ្នាំង​សាក​ទូរ​សព្ទ ប៉ុន្តែ​ប្ដី​ប្រពន្ធ​ម្ចាស់ផ្ទះ​មិន​បាន​រង​របួស​ឡើយ ។

គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៤​នេះ នៅ​ក្នុងភូមិ​អំពិល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ម្ចាស់ផ្ទះ​ឈ្មោះ កុយ ឈឺ​ន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ​ជា​មេ​ភូមិ​រង នៅ​ភូមិ​កើតហេតុ មាន​ប្រពន្ធ​ឈ្មោះ មុំ ច្រឹប អាយុ​៥៨​ឆ្នាំ ចំណែក​ផ្ទះ​របស់​គាត់ ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ សាងសង់​ពី​ឈើ​ខាងលើ និង​បន្ទប់​ថ្ម​ខាងក្រោម ទំហំ​៦​ម៉ែត្រ គុណ​នឹង​៨​ម៉ែត្រ ប្រក់​ក្បឿង ។

លោក​មេ​ភូមិ​រង បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​គាត់ និង​ប្រពន្ធ​កំពុង​ស្ថិត​នៅ​ខាងក្រោម​ផ្ទះ ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​នៅ​ខាងលើ​សន្ធោសន្ធៅ​ទៅ​ហើយ ទើប​ពួក​គាត់​ដឹង​។ ពេល​នោះ​គាត់ ពុំ​បាន​យក​អ្វី​ចេញ​ទាន់ ក្រៅ​តែ​រត់​ចេញ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ ព្រោះ​ភ្លើង​ឆេះ​លឿន​ខ្លាំង​ណាស់ ហើយ​ត្រឹមតែ​មួយ​ប៉​ព្រិច​ភ្នែក ផ្ទះ​ទាំងមូល​រួម​ជាមួយ ទូ គ្រែ ពូក សម្លៀក​បំពាក់ និង​សម្ភារ​ប្រើប្រាស់​ជា​ច្រើន​ទៀត ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ប៉ុន្តែ​មិន​មាន​លុយ​កាក់​មាសប្រាក់​ច្រើន​នោះ​ទេ ។

សមត្ថកិច្ច បាន​និយាយ​ថា អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ខ្សែភ្លើង​ឆ្នាំង​សាក​ទូរ​សព្ទ ហើយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង ចេញ​ទៅ​ពន្លត់ ក្នុង​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រចាំការ​នៅ​សាលា​ខណ្ឌ​កំ​បូល​១​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​បុរី​សង្ឃឹម​ថ្មី​២​គ្រឿង​,​រថយន្ត​ពន្លត់​អគ្គិភ័យ​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ មួយ​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​ខេត្តកណ្ដាល​១​គ្រឿង ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​ទើប​រលត់​ទាំងស្រុង មិន​ឆេះ​រាល​ដល់​កន្លែង​ផ្សេង​ឡើយ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *