ព័ត៌មានជាតិ

ផ្ទះ ចំនួន ២ខ្នង និងបង្គន់អនាម័យ ចំនួន ២ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រ ចំនួន ២គ្រួសារ នៅស្រុកស្វាយអន្ទរ(Video inside)

ព្រៃវែង៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម  សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងក្រុមការងារអនុសាខាស្រុកស្វាយអន្ទរ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ២ ក្នុងផែនការឆ្នាំ២០២៤ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារក្រីក្រ ចំនួន ២គ្រួសារ នៅភូមិចចក ឃុំមេបុណ្យ និងភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត និង  ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

 

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាខេត្ត មានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សម្ភារៈផ្តល់ជូនបន្ថែម ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក វិទ្យុ ១គ្រឿង កន្ទេល ១ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) មី ១កេស ត្រី ខ ១យួរ បោយទឹក ១ ច្រាស់ដុសបង្គន់ ១ សាប៊ូ ១កញ្ចប់តូច និងថវិកាក្នុង ១គ្រួសារ ថវិកាសរុបចំនួន ១០០,០០០រៀល។
-អនុសាខាស្រុក បានឧបត្ថម្ភថវិកាបន្ថែម ១គ្រួសារ ចំនួន ៥០,០០០រៀល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *