ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញ ឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តមហាពោធិមង្គល( ហៅវត្តពោទង) ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង

ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធបតីពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តមហាពោធិមង្គល( ហៅវត្តពោទង) ស្ថិតនៅភូមិ ពោធិ៍ទង ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង  នាថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣។ 

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ កោតសរសើរព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងឡាយដែលបានផ្ដួចផ្ដើមគំនិត និងបរិច្ចាគថវិកាសាងសង់សមិទ្ធផលនានានៅក្នុងវត្តនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងសង្គមជាតិ ក្នុងឱកាសដែលកម្ពុជាកំពុងមានសុខសន្តិភាពទាំងស្រុង មានស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន។ 

សម្តេចក្រឡាហោម មានប្រសាសន៍ បន្តថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់ នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីគ្នាយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងនោះពាក្យស្លោក “អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ» ត្រូវ បានគាំទ្រដោយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ 

សម្ដេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើក កម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។ 

ក្នុងនោះដែរ លោក សឿង សុជាតិ អភិបាលស្រុកកញ្ជ្រៀច បានអោយដឹងថា ឧបដ្ឋានសាលាថ្មី មានបណ្តោយ ២៩ ម៉ែត្រ ទទឹង ១៨ ម៉ែត្រ និងបានសាងសង់ហើយរួចរាល់ ក្នុងដើមឆ្នាំ ២០២៣ នេះ ដោយចំណាយថវិកា ម៉ៅការសាងសង ចំនួន ២៨៤,០០០ ដុល្លា ក្នុងនោះ បានទូទាត់សងទៅអ្នកម៉ៅការ ចំនួន ២៣៧.៦០០ ដុល្លាអាមរិក នៅជំពាក់ថ្លៃជាង អ្នកម៉ៅការ ចំនួន ៤៦,៤០០ ដុល្លា ទៀត ។ 

សម្ដេចក៏បានអញ្ជើញ កាត់ខ្សែបូរ ឆ្លងនៅសមិទ្ធផលនានានៅក្នុងវត្តមហាពោធិមង្គល( ហៅវត្តពោទង) ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។  សម្ដេចក៏បានឧបត្ថម្ភសាលាស្រុកកញ្ជ្រៀច ១ លានរៀល, និវត្តជន ៨០ នាក់ ម្នាក់ៗ ២ ម៉ឺនរៀល, គ្រូពេទ្យ៥៤ នាក់ ម្នាក់ៗ ២ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូ ៨៤ នាក់ម្នាក់ៗ ២ ម៉ឺនរៀល, យុវជន សសយក ១០០នាក់ម្នាក់ៗ ១ម៉ឺនរៀល, យុវជន កាកបាទក្រហម ១០០ នាក់ម្នាក់ៗ ១ម៉ឺនរៀល, យុវជនកាយរឹទ្ធិ ១០០ នាក់ម្នាក់ៗ ១ម៉ឺនរៀល,  សិស្សានុសិស្ស ៣០០ នាក់ម្នាក់ៗ សៀវភៅ ២ ក្បាល់, ប៊ិច ១ ដើម, ថវិកា ៥ ពាន់រៀល, យាយជី តាជី ១០០ នាក់ម្នាក់ៗ ក្រណាត់ ស ១ ដុំ ថវិកា ១ម៉ឺនរៀល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *