ព័ត៌មានជាតិ

រដ្ឋបាលខេត្ ព្រៃវែងបានរៀបចំប្រារព្ធពិធីបុណ្យ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅស្រុកបាភ្នំ ខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្ត ព្រៃវែង រួមជាមួយនឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងខណ្ខរដ្ឋបាល ព្រៃឈើ បានរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងមន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ ដែលពិធីនេះធ្វើនៅស្នាក់ការសាខាកាកបាទក្រហមស្រុកបាភ្នំ ក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

នៅក្នុងឱកាសនោះលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា៖ ចលនាដាំដើមឈើបានកកើត ឡើងតាំងពីទស្សវត្សទី៣០ មកម្ល៉េះ ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តមសីហនុព្រះមហាវីរៈក្សត្រ ព្រះបរមរតនៈកោដ្ឋនៃយើង ដែលនៅពេលនោះមានឈ្មោះ ថា ៖ “ទិវាហត្ថកម្មដាំដើមឈើ ” ការងារដាំដើមឈើត្រូវបានជំរុញយ៉ាងសកម្ម ដោយមានការចូលរួម យ៉ាងផុលផុសពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ហើយជាបណ្ដើរៗសកម្មភាពដ៏ទូលំទូលាយនេះ បានក្លាយជាចលនាសង្គមគំរូមួយ ដែលនៅទីបំផុតត្រូវទទួលស្គាល់ជាពិធីប្រពៃណីជាតិ មួយហៅថា”បុណ្យរុក្ខទិវា”(ដែលកំណត់ដោយព្រះរាជក្រិត្យលេខ ៧៣៨ ន.ស ចុះថ្ងៃទី ០៨ ខែសីហា ឆ្នាំ១៩៥២) បន្តរហូត មកដល់បច្ចុប្បន្ននេះ។

ក្នុងទិសដៅបន្តវេនដ៏ប្រពៃនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើ ជាសេនាធិការ បានរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល នានាលើកកំពស់ស្មារតីជុំរុញ និងអនុវត្តការងារដាំឈើឡើងវិញ នៅលើដីទំនេរ ដីព្រៃរិចរិល ព្រមទាំង ចលនាប្រជាពលរដ្ឋ ដាំដើមឈើនៅគ្រប់ទីកន្លែង ក្នុងនោះខេត្តព្រៃវែង ក៏ជាខេត្តមួយដែលត្រូវធ្វើការដាំដុះ ព្រៃឈើឡើងវិញផងដែរ។ ជារៀងរាល់ឆ្នាំខេត្តព្រៃវែង តែងតែបានធ្វើការដាំដុះដើមឈើជាក់ស្តែង នៅលើដី ទំនេរសាធារណៈ តាមវត្តអារ៉ាម សាលារៀន និងដាំក្នុងពិធីបុណ្យ រុក្ខទិវា បានចំនួន ៣៤លើក និងបានបណ្តុះកូនឈើចម្រុះគ្រប់ប្រភេទ បានប្រមាណជាង ៧៥ម៉ឺនដើម សំរាប់ធ្វើការចែកចាយជូនប្រជា ពលរដ្ឋ ព្រះសង្ឈ និងស្ថាប័នផ្សេងៗទៀត និងដាំក្នុងពិធីសម្ភោធសមិទ្ធិផលនានាជារៀងរាល់ឆ្នាំ។ ដោយ ឡែកនៅឆ្នាំ២០២២នេះ ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង បណ្តុះកូនឈើចម្រុះប្រភេទបានចំនួន ៣៧.៨៤១ ដើម មានក្រញូង បេង នាងនួន ធ្នង់ គគីរ ឈើទាល កកោះ និង ប្រភេទឈើហូបផ្លែ ជាដើម។ល។

ថ្លែងនៅក្នុងឱកាសនោះលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តបានមានប្រសាសន៍ថា ក្នុងឱកាសបុណ្យរុក្ខទិវា ឆ្នាំនេះ ដោយមានការឯកភាព និងគាំទ្រពីឯកឧត្ដមអភិបាលខេត្ត បានកំណត់យកទីតាំងបរិវេណស្នាក់ការសាខាកាកបាទក្រហមស្រុកបាភ្នំ និង តាមដងផ្លូវជុំវិញសាលាស្រុកបាភ្នំ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីប្រារព្ធពិធី បុណ្យដាំដើមឈើចំរុះប្រភេទប្រមាណជាង ៣៥០ ដើម និងមានកូនឈើចម្រុះប្រភេទប្រមាណជាង ២.០០០ ដើម សំរាប់ប្រគេនព្រះសង្ឃ និងចែកជូនលោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ យកទៅដាំនៅតាមវត្តអារ៉ាម សាលារៀន និងតាមលំនៅដ្ឋាន ដើម្បីបន្សល់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ នូវប្រភេទឈើក្រញូង, បេង , កកោះ, គគីរ , ឈើទាល និង កូនឈើហូបផ្លែ ខ្នុរ,ស្វាយ , ម្រុំ, ស្តៅ ទន្ទឹមនឹងនេះបាននឹងកំពុង រៀបចំផែនការដាំដើមឈើនិងចែកចាយកូនឈើតាមវត្តអារាម សាលារៀន តាមផ្លូវសាធារណៈ និងតាមបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្ត ។

លោកអភិបាលរង បានលើកឡើងបន្តទៀតថាដើមឈើមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សសត្វនិងផែនដី ក្នុងការទាក់ទាញនៅទឹកភ្លៀង កាត់បន្ថយកំដៅ និងជួយបន្សុទ្ធជាតិពុល បង្កើននូវខ្យល់បរិសុទ្ធសម្រាប់មនុស្ស សត្វ នៅលើផែនដីយើងនេះ។

លោកអភិបាលរង ក៏បានអំពាវនាវ ដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួម ដាំដើមឈើនៅតាមទីវត្តអារាម និងនៅតាមផ្ទះឱ្យបានគ្រប់គ្នា ដើម្បីចូលរួមចំណែក ក្នុងការបង្កើន នៅបរិស្ថាននៅតាមទីវត្តអារាម និងនៅតាមផ្ទះ ក៏ដូចជាការចូលរួមចំណែកកាត់បន្ថយការកើនឡើងនូវកំដៅនៅលើផែនដីយើងនេះផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *