ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីកម្ពុជាយកលុយថ្ងៃស្នាក់នៅរបស់ប្រតិភូកីឡាស៊ីហ្គេមក៏មិនអាចធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអ្នកមានដែរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនយកថ្លៃកីឡាការដែលចូលប្រកួតស៊ីហ្គេមនោះទេ ដែលខុសពីលក្ខខណ្ឌក្នុងការរៀបចំរបស់ប្រទេសផ្សេងកាលពីកន្លងទៅ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីកម្ពុជាយកលុយថ្ងៃស្នាក់នៅរបស់ប្រតិភូកីឡាស៊ីហ្គេមក៏មិនអាចធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអ្នកមានដែរ។

សម្ដេចថា៖ «បើទោះជាយកយើងក៏មិនក្លាយជាអ្នកមានដែរយើង Free ទាំងអស់ ទាំងបរទេសក៏ដោយ ទាំងខ្មែរក៏ដោយ ប៉ុន្ដែអ្នកគាំទ្រទាំងឡាយដែលមកគាំទ្រកីឡាខ្លួនដេកសណ្ឋាគារបង់លុយឱ្យគេអត់មាន Free ជាមួយទេ»។

ក្នុងកិច្ចប្រជុំពិសេសមួយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMPGOC សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្រេចដកការតម្រូវប្រតិភូកីឡាអាស៊ីអាគ្នេយ៍បង់ថ្លៃការហូបចុក និងស្នាក់នៅក្នុងម្នាក់ៗ ៥០ដុល្លារអាមេរិកក្នុងមួយថ្ងៃៗចេញពីការតម្រូវ។

អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC លោក វ៉ាត់ ចំរើន បានចាត់ទុកថា ការមិនទទួលយកប្រាក់កម្រៃ ឬថ្លៃសេវារបស់ប្រតិភូកីឡា សម្រាប់ការហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗចំនួន ៥០ដុល្លារ ក្នុង ១ថ្ងៃៗនេះថា ជាការសម្រេចចិត្តដ៏វិសេសវិសាលមួយដែលមិនធ្លាប់មានក្នុងប្រវត្តិស៊ីហ្គេម ហើយក្នុងនាមជាម្ចាស់ផ្ទះ នឹងគោរពនូវការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

គួរឱ្យដឹងដែរថាបច្ចុប្បន្នមានប្រតិភូកីឡាស៊ីហ្គេមសរុបជាង ១ម៉ឺន ២ពាន់ បានចុះឈ្មោះមកចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា ដែលជាមធ្យមកីឡាករទាំងនោះអាចស្នាក់នៅជាមធ្យម ១សប្ដាហ៍សម្រាប់ការប្រកួតកីឡា ដែលកម្ពុជាអាចបានចំណូលប្រមាណជាង ៤,៣លានដុល្លារអាមេរិក។ នៅសល់តែ ១៥ថ្ងៃទៀតទេព្រឹត្តិការណ៍ស៊ីហ្គេមនឹងចូលមកដល់ហើយ។

នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសឱ្យពលរដ្ឋត្រៀមខ្លួនដើម្បីចូលរួមជាមួយព្រឹត្តិការណ៍កីឡានេះដោយថាដើម្បីជាការលើកមុខមាត់ជាតិ និងការទាក់ទាញទេសចរណ៍ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *