ព័ត៌មានស៊ើបអង្កេត

អាជីវកម្មកាយយកថ្មភ្នំមួយកន្លែង នៅលើភ្នំឈើកាច់ធ្វើសកម្មភាពលួចលាក់លិបលរដូចចោរ សង្ស័យគ្មានអាជ្ញាប័ណ្ណ តែមន្ត្រីជំនាញហាក់មិនអើពើ

ព្រៃវែង : ការរដ្ឋានកាយយកថ្មភ្នំមួយកន្លែង ដែលស្ថិតនៅចំណុចថ្មបាញ់ ក្នុងភូមិស្វាយ៣០ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង មានគ្រឿងចក្រជាច្រើនគ្រឿង កំពុងធ្វើសកម្មភាពកាយយកថ្មភ្នំជារៀងរាល់ថ្ងៃ ប៉ុន្តែរូបភាពហាក់ដូចលួចលាក់បាត់ឃើញៗ ធ្វើឲ្យអ្នកស្រុកសង្ស័យថា ការដ្ឋាននេះលួចធ្វើដោយគ្មានអាជ្ញាប័ណ្ណ។

ការដ្ឋានកាយយកថ្មភ្នំមួយនេះត្រូវបានមន្ត្រីជំនាញរ៉ែនិងថាមពលខេត្តព្រៃវែងបញ្ជាក់ប្រាប់ថា គឺជាកម្មសិទ្ធិរបស់លោកស្រី គ្រុឌ កូឡា ហើយការកាយយកថ្មនេះ គេមានច្បាប់អនុញ្ញាតពីខេត្តគឺជា អាជ្ញាប័ណ្ណសិប្បកម្ម ប៉ុន្តែនៅពេលសួរថា តើសិប្បកម្មនោះផុតសុពលភាពហើយឬនៅ? មន្ត្រីជំនាញរ៉ែខេត្ត ព្រៃវែង មិនបានធ្វើការបកស្រាយនោះទេ។

អាជ្ញាធរនៅមូលដ្ឋានក្នុងស្រុកបាភ្នំ បានលើកឡើងហាក់ដូចជាងឿងឆ្ងល់ថា ការដ្ឋានដែលមានច្បាប់អាជ្ញាប័ណ្ណត្រឹមសិប្បកម្ម គឺគេយកថ្មភ្នំដោយប្រើកម្លាំងមនុស្ស មិនអនុញ្ញាតឲ្យប្រើគ្រឿងចក្រ និងមិនឲ្យមានដាក់ជញ្ជីងថ្លឹងអ្វីនោះទេ ប៉ុន្តែជាក់ស្ដែងការដ្ឋានលោកស្រី គ្រុឌ កូឡា មិនមានប្រើកម្លាំងមនុស្សទេ គឺគេប្រើគ្រឿងចក្រទាំងអស់ ហើយមានដាក់ជញ្ជីងថ្លឹង ដូចជាក្រុមហ៊ុនអញ្ចឹង ហេតុអ្វីមន្ត្រីជំនាញរ៉ែខេត្តព្រៃវែង ក៏ដូចជាមន្ត្រីជំនាញក្រសួងរ៉ែចុះមកពិនិត្យហើយ មើលមិនឃើញ?

ដោយឡែកប្រជាពលរដ្ឋដែលរស់នៅក្បែរការដ្ឋាននេះ បានបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះការដ្ឋានកាយយកថ្មភ្នំរបស់លោកស្រី គ្រុឌ កូឡា ហាក់មានភាពចម្លែកគួរឲ្យសង្ស័យណាស់ ព្រឹកឡើងគេចូលកាយថ្មដឹកចេញត្រឹមបួនប្រាំឡានប៉ុណ្ណោះពេលមានមនុស្សឆ្លងកាត់ច្រើន គេក៏ផ្អាកសកម្ម ភាពវិញ ដល់ពេលរសៀល ឬពេលល្ងាចដែលស្ងាត់មនុស្ស ពួកគេក៏បន្តដឹកជញ្ជូនថ្មភ្នំចេញទៀត ពិសេសនៅពេលមានមន្ត្រី ឬអ្នកកាសែតឆ្លងកាត់ ក្រុមអ្នកកាយយកថ្មភ្នំទាំងនោះ ក៏ចូលពួនសម្ងំបាត់អស់ មិនធ្វើសកម្មភាពទេ ហាក់ដូចជាចោររត់ពួនប៉ូលីសអញ្ចឹង។

ជុំវិញរឿងរ៉ាវដ៏គួរឲ្យសង្ស័យនេះ ទាំងប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរនៅថ្នាក់មូលដ្ឋាន បានស្នើសុំឲ្យខាងមន្ត្រីជំនាញរ៉ែ និងថាមពលខេត្តព្រៃវែង ក៏ដូច ជាមន្ត្រីជំនាញរ៉ែនៅក្រសួងរ៉ែនិងថាមពល មេត្តាជួយចុះពិនិត្យមើលផង តើការដ្ឋានមួយនេះលួចធ្វើដោយគ្មានច្បាប់? ឬមួយក៏ច្បាប់សិប្បកម្មរបស់គាត់ផុតសុពលភាព? ទើបបានជាគាត់កាយយកថ្មភ្នំក្នុងរូបភាពលិបលរៗ ដូចចោរបែបនេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *