ព័ត៌មានស៊ើបអង្កេត

លោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរីល្បីល្បាញខ្លាំងខាងពុករលួយ

ប៉ោយប៉ែត/ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក គង់ ប៊ុនលឿត ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី នៅតែប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងពេញបន្ទុកដដែល។ ក្រុមឈ្មួញ និងអាជីវករបានបញ្ជាក់ថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក គង់ ប៊ុនលឿត មិនអាចតវ៉ាបានឡើយ។ រីឯរថយន្តធំៗផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរីយ៉ាងស្រួលៗឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់របស់លោក គង់ ប៊ុនលឿត និងក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្ត។

បើតាមការលើកឡើងរបស់មន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការដែលលោក គង់ ប៊ុនលឿត អាចប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូន គឺមានការបើកដៃពីសំណាក់លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ។ ប្រសិនបើគ្មានការបើកដៃពីសំណាក់លោក សុក ចាន់ថា ដែលជាចៅហ្វាយនាយទេនោះគឺលោក គង់ ប៊ុនលឿត មិនអាចប្រែក្លាយជញ្ជីងថ្លឹងរថយន្តជាជញ្ជីងថ្លឹងលុយស្រេចតែអំពើចិត្តឡើយ។ ទន្ទឹមនឹងនេះ រឿងស្ថាបនាផ្លូវចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើង ក៏ជាប្រភពចំណូលដ៏សំខាន់របស់លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដែលបន្តវេនពីលោក គឹម សុវណ្ណ ផងដែរ។

ក្រុមឈ្មួញ និងអាជីវករបានជំរុញឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ5 ខេត្តបន្ទាយមានជ័យ ខ្លះផង។ ដោយហេតុថាលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បណ្ដោយឲ្យលោក គង់ ប៊ុនលឿត ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ការដែលលោក សុក ចាន់ថា ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានប្រភពខ្លះបង្ហើបឲ្យដឹងថាលោក សុក ចាន់ថា មានខ្នងបង្អែករឹងមាំនៅក្រសួងសាធារណការ និងដឹកជញ្ជូន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *