ព័ត៌មានជាតិ

ឯកឧត្តម​ ជួប​ រតនា​ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញចុះពិនិត្យ​ ការងារស្ថាបនាផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង

ព្រៃវែង៖ ឯកឧត្តម​ ជួប​ រតនា​ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឆាយ​ ឫទ្ធិសែន​ រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ​អមដំណេីរដោយ​ លោក​ ឡុក​ វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង​ ព្រមទាំងក្រុមការងារ​ PIU PPIU kCI និងមន្រ្តីជំនាញនៅថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២៤​ បានអញ្ជើញចុះពិនិត្យ​ ការងារស្ថាបនាផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង ស្ថិតក្នុងខេត្តព្រៃវែង ។

​ឯកឧត្តម​ ជួប​ រតនា​ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឆាយ​ ឫទ្ធិសែន​ រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ​ បានលើកឡើងថា គម្រោងផ្លូវទាំងពីរខ្សែ​ ស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាផ្លូវទាំងអស់នេះឡើងដើម្បីជួយសម្រូលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅមកប្រកបដោយសុវត្ថភាព។

ក្នុងនោះដែរ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង បានឲ្យដឹងថា៖ ផ្លូវ PV3 (ពីភូមិក្តឿងរាយ ទៅសាលាស្រុកកញ្ចៀច) មានប្រវែង ៧,២៥គ.ម ស្ថិតក្នុងស្រុកកញ្រ្ជៀច ខេត្តព្រៃវែង ជាប្រភេទផ្លូវកម្រាលបេតុងក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (Climate Resilient Rural Infrastructure Development) ក្រោមហិរញ្ញប្បទានដោយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF)។​ ផ្លូវនេះស្ថាបនាជាប្រភេទផ្លូវបេតុងកម្រាស់ ២០សង់ទីម៉ែត្រ ទទឹងខ្នងលើសរុប ៨ម៉ែត្រ (ទទឹងចរាចរណ៍ក្រាលបេតុង ៦ម៉ែត្រ និងចញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ជាប្រភេទក្រួសក្រហម)។ ក្រុមហ៊ុនទទួលកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុនកូរ៉េ ឈ្មោះ អ៊ិលស៊ុង-គុមហូចញវេនឈ័រ (Ilsung-Kumho Joint Venture)។

បច្ចុប្បន្នដំណើរការស្ថាបនាផ្លូវនេះសម្រេចបាន ៥២% ហើយគ្រោងនឹងស្ថាបនាបញ្ចប់ទាំងស្រុងនៅត្រឹម ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ ខ្សែផ្លូវនេះលាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរគឺឃុំក្ដឿងរាយ និងឃុំកញ្រ្ជៀច ស្ថិតក្នុងស្រុកកញ្រ្ជៀច ដោយបែកចេញពីផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) របស់គម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP-III) ត្រង់ចំណុចភូមិក្ដឿងរាយ ស្ថិតក្នុងឃុំក្ដឿងរាយ ភ្ជាប់ទៅនឹងផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) លេខ 387A ត្រង់ភូមិប្រស្រែស្ថិតក្នុងឃុំកញ្រ្ជៀច (ទីរួមស្រុកកញ្រ្ជៀច) ខេត្តព្រៃវែង។

២-ផ្លូវភូមិកន្សោមអក ទៅភូមិចាន់រ៉ា ក មានប្រវែង ៨,០៦គ.ម ស្ថិតក្នុងស្រុកកំពង់ត្របែក ភ្ជាប់ទៅស្រុកបាភ្នំ ខេត្តព្រៃវែង ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ក្រោមគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ក្រោមហិរញ្ញប្បទានដោយ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB Loan: 0446A)។. ផ្លូវនេះស្ថាបនាជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ ទទឹងខ្នងលើសរុប ៨ម៉ែត្រ (ទទឹងចរាចរណ៍ក្រាលកៅស៊ូពីរជាន់ ៦ម៉ែត្រ និងចញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ជាប្រភេទក្រាលកៅស៊ូមួយជាន់)។ ក្រុមហ៊ុនទទួលកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុនឈ្មោះ បុរ៉េខ្មែរ (Bore Khmer Construction Development Co.Ltd)។

បច្ចុប្បន្នដំណើរការស្ថាបនាផ្លូវនេះសម្រេចបាន ៤៩% ហើយគ្រោងនឹងស្ថាបនាបញ្ចប់ទាំងស្រុងនៅត្រឹម បំណាច់ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ផ្លូវនេះលាតសន្ធឹងឆ្លងកាត់ឃុំចំនួនបីគឺឃុំកន្សោមអក ស្រុកកំពង់ត្របែក ឃុំស្ដៅកោង និងឃុំស្ពឺ ខ ស្រុកបាភ្នំ ដោយបែកចេញពីផ្លូវក្រាលកៅស៊ូពីរជាន់ លេខ 313 ឆ្ពោះទៅភ្ជាប់នឹងផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) លេខ 3PV1 នៃខេត្តព្រៃវែង។

ក្រោយពីស្ថាបនាផ្លូវទាំងពីរខ្សែខាងលើនេះ​រួច​ ផ្លូវនេះជាបណ្តាញតភាប់ពីជនបទទៅទីប្រជុំជនប្រកបដោយចិរភាព និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ។

​នៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៍បានចូលរួមកម្មវិធីចែកពូជរុក្ខជាតិចំនូន ៦០៤ ដេីម​ និងគ្រាប់ពូជបន្លែគ្រប់ប្រភេទ​ចំនួន១២៩០កញ្ចប់​ ក្នុងកម្មវិធីអភិវឌ្ឍន៍ភូមិចម្រុះ ដែលជាថវិកាកម្មវិធីរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ក្រសួងអភិវឌ្ឍន៍ជនបទជូនដល់ប្រជាពលរដ្ឋចំនួន២៥៦គ្រួសារ នៅភូមិតាប៉ើ ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង​។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជួប​ រតនា​ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ចែកពូជរុក្ខជាតិ និងគ្រាប់ពូជបន្លែគ្រប់ប្រភេទ​នេះ ក្នុងគោលបំណងដើម្បីជម្រុញអោយអ្នកភូមិមានស្មារតីភ្ញាក់រលឹក និងមានភាពឧស្សាហ៍ព្យាយាម, កាត់បន្ថយចំណាយសំរាប់ការទិញបន្លែផ្លែឈើនៅក្នុងគ្រួសារ, ជួយបន្ថែមនូវអាហាររូបត្ថម្ភនៅក្នុងគ្រួសារ,ឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ ,ជួយឲ្យភូមិមានពណ៌បៃតង, អ្នកភូមិមានទំលាប់ក្នុងការដាំដុះ​, ជួយឲ្យប្រជាពលរដ្ឋមានជីវភាពធូរធា និងក្លាយជាភូមិគំរូដល់ភូមិដទៃទៀត។

ឯកឧត្តម ក៍បានបន្ថែមថា ទាំងអស់នេះគឺជាការគិតគូរដល់ជីវិភាពរស់នៅ​របស់បងប្អូនប្រជាពលរដ្ឋ ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *