ព័ត៌មានស៊ើបអង្កេត

មេឈ្មួញចាស់វស្សា ណុប ឌី ហៅឆើត នៅតែធ្វើសកម្មភាពប្រមូលទិញឈើក្នុងស្រុកឱរ៉ាល់ យ៉ាងពេញបន្ទុក

មេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត នៅតែធ្វើសកម្មភាពប្រមូលទិញឈើក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ យ៉ាងគឃ្លើប្រភពពីប្រជាពលរដ្ឋក្នុងភូមិសំរោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ បានឲ្យដឹងថា​ រហូតដល់ល្ងាចថ្ងៃទី០៥ ខែមីនា ម្សិលមិញនេះបក្ខពួករបស់មេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត នៅតែបន្តសកម្មភាព​ប្រមូលទិញឈើឈ្លីក នៅចំណុចប៉ុយរ៉ុយ ភូមិសំរោង យ៉ា​ងគឃ្លើនដដែល។ ​ដោយហេតុថា មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថនិងមន្ត្រីបរិស្ថាន ក្នុងស្រុកឱរ៉ាល់ មិនហ៊ានប៉ះពាល់មេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត នោះទេ ព្រោះអីឈ្មួញម្នាក់នេះ​មានខ្នងបង្អែករឹងមាំ។

ប្រភពស្និទ្ធនឹងមេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត បានឲ្យដឹងថា សូម្បីតែលោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏មិនហ៊ានប៉ះពាល់​មេឈ្មួញរូបនេះដែរ មិនដឹងថាមានជាប់ពាក់ព័ន្ធផលប្រយោជន៍យ៉ាងណានោះឡើយ។ ដូច្នេះហើយទើប​មេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត ព្រមទាំងបក្ខពួកនៅតែអាចធ្វើសកម្មភាពប្រមូលទិញឈើនៅភូមិសំរោង ឃុំត្រពាំងជោរ ហើយដឹកជញ្ជូនចូលទៅទីរួមស្រុកឱរ៉ាល់ នៅវេលាទៀបភ្លឺ។ បើនិយាយពីប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ លោក ឈៀង តុលា និងមេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ មិន​ដែល​ចាត់វិធានការបង្ក្រាបមេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត ទាល់តែសោះ។

បើតាមការបង្ហើបពីប្រភពខ្លះ បានឲ្យដឹងថា មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នក្នុងខេត្តកំពង់ស្ពឺ សម្ងំទទួលផលប្រយោជន៍ពីមេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត ទើបឈ្មួញម្នាក់នេះហ៊ានបន្តប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងងងើល។ ប្រការនេះកំពុងធ្វើឲ្យបទបញ្ជារបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងការបង្ក្រាប​បទល្មើសព្រៃឈើក្នុងស្រុកឱរ៉ាល់ ស្រុកភ្នំស្រួច និងស្រុកថ្ពង ក្លាយ​ជារឿងឥតន័យ។ ដោយហេតុថា បច្បុប្បន្នមេឈ្មួញឈ្មោះ ណុប ឌី ហៅឆើត នៅតែធ្វើសកម្មភាពប្រមូលទិញឈើ​នៅឃុំត្រពាំងជោរ ដឹកជញ្ជូនចូលទីរួម​ស្រុកឱរ៉ាល់ ហើយដឹកជញ្ជូនចេញទៅ​ខេត្តព្រះសីហនុ និងដឹកជញ្ជូនចេញទៅស្រុកយួនតាមអំពើចិត្តដដែល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *