ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន ជំរុញឲ្យមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធត្រូវបន្តខិតខំអនុវត្តកិច្ចការងាររបស់ខ្លួនជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង

ព្រៃវែង ឯកឧត្តម  សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ ជំរុញដល់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀតធ្វើយ៉ាងណាដើម្បីបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អសើ ដោយការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលឯកឧត្តម អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំនោះដែរក៏មានការលើកឡើងអំពីផែនការសកម្មភាពរបស់មន្ទីរអង្គភាពដែលអនុវត្តកន្លងមក ដើម្បីបង្ហាញអំពី លទ្ធផលដែលខ្លួនបានអនុវត្តមកនោះជូនគណៈអធិបតីដើម្បីធ្វើការពិនិត្យ និងដាក់ផែនការសកម្មភាពបន្ថែមទៀតដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ដើម្បីអនុវត្តបន្តរទៀត។

ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរនិងវាយតម្លៃពោះចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធដែលបានអនុវត្តកន្លងមកបានល្អប្រសើរជាពិសេសនៅក្នុងឱកាសក្នុងយុទ្ធនាការបោះឆ្នោតកន្លងទៅនោះបានយ៉ាងល្អប្រសើរពុំមានបាតុភាពអ្វីគួឲ្យកត់សំគាល់នោះទេ។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ ណែនាំឱ្យលោកនាយករដ្ឋបាល រៀបចំគណៈកម្មការ ពិនិត្យ និងថតរូបនៅតាមរម្មណីដ្ឋាននានាក្នុងខេត្តដែលមាន ដើម្បីចងក្រងជាសៀវភៅ និងបរិយាយអំពីសកម្មភាពរូបនីមួយៗ សម្រាប់បង្ហាញអំពីសក្តានុពលរបស់ខេត្តព្រៃវែង ដើម្បីបង្ហាញដល់មហាជនបានស្គាល់កាន់តែច្បាស់អំពី ខេត្តព្រៃវែងរបស់យើងនេះ។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ ជំរុញ  និងណែនាំដល់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធត្រូវរួមគំនិត រួមមតិយោបល់ ពួតដៃគ្នាខិតខំអនុវត្តការងាររបស់ខ្លួន រៀងៗខ្លួនធ្វើយ៉ាងណាដើម្បីឲ្យខេត្តព្រៃវែងទទួលបាននៅលទ្ធផលការងារតាមអ្វីដែលថ្នាក់ដឹកនាំគាត់ចង់បាន និងបំពេញតម្រូវការ ជាផលប្រយោជន៍រួម ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់រដ្ឋបាល ក្រុង ស្រុក ទាំងអស់ត្រូវពង្រឹងអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យកាន់តែខ្លាំងបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយសុវត្ថិភាពខ្ពស់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *