ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ជម្រុញឲ្យក្មួយៗ សិស្សានុសិស្សប្រឡងជាប់និទ្ទេស A ទាំងអស់ ត្រូវខិតខំសិក្សានូវជំនាញឯកទេស ដែលខ្លួនបន្តនេះឲ្យខ្លាំងបន្ថែមទៀត ដើម្បីអភិវឌ្ឍប្រទេស និងគ្រួសារ

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជុំទាវ ជា ផល្គុន បានមានប្រសាសន៍លើកឡើងថាក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ទាំងអស់គ្នានេះ គឺជាធនធានមួយដ៏សំខាន់ក្នុងការជួយពង្រឹងវិស័យអប់រំក្នុងប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេសនឹងត្រូវខិតខំសិក្សារៀនសូត្រនៅជំនាញឯកទេសដែលខ្លួនចង់បន្តសិក្សានេះឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀតដើម្បីធ្វើយ៉ាងណា ជួយអភិវឌ្ឍប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់ ដែលការលើកឡើងបែបនេះគឺក្នុងឱកាសដែលឯកឧត្តម លោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស (A) ឆ្នាំសិក្សា ២០២១–២០២២ ចំនួន ៦៤ នាក់ រួមទាំងឪពុក-ម្តាយ អ្នកអាណាព្យាបាល និងនាយកសាលា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្មាំ២០២៣ នៅភោជនីយដ្ឋាន សេវេនប្រាយ ឃីន សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំ  ជាក់ស្ដែង សម្ដេចបានណែនាំឱ្យក្រសួងក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល ប្រកបដោយជំនាញ ក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ 

ឯកឧត្តម អភិបាលខេត្ត បន្តថា ឆ្លងកាត់កំណែទម្រង់ជាបន្តបន្ទាប់ លទ្ធផលដែលយើងទទួលបាន គឺគុណភាពនៃវិស័យអប់រំនៅកម្ពុជា មានការផ្លាស់ប្តូរជាវិជ្ជមានគួរឲ្យមោទកៈ។ ជាក់ស្តែងសមត្ថភាពរបស់សិស្សនិស្សិតកម្ពុជាមានការកើនឡើងកាន់តែខ្ពស់ អាចប្រកួតប្រជែងរហូតដល់អាចដណ្តើមបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកបានថែមទៀត។ នេះសបញ្ជាក់ឱ្យឃើញថា កំណែទម្រង់វិស័យអប់រំនៅកម្ពុជា បាននិងកំពុងតែដើរនៅលើផ្លូវត្រូវ បើទោះជាចុងក្រោយនេះ យើងបានរងផលប៉ះពាល់ដែលបង្កឡើងដោយសារវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ ក្តី ។ 

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សបន្តវេន ទាំងអស់ត្រូវមើលគំរូ សិស្សច្បងដោយត្រូវខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញាណ ធ្វើយ៉ាងណាដើម្បីឲ្យការសិក្សារបស់ខ្លួនទទួលបានលទ្ធផលល្អដូចរៀមច្បងដែលទទូលបានលទ្ធផលដូចពេលនេះ។ 

លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានឲ្យដឹងថា លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ សិស្សទទូលនិទ្ទេស A ចំនួន ៦៤ នាក់ ក្នុងនោះស្រី ៤០ នាក់ និទ្ទេស B ចំនួន ៥៧៧ នាក់ ក្នុងនោះស្រី ៣៧១ នាក់ និទ្ទេស C ចំនួន ១៤១១ នាក់ ក្នុងនោះសី ៩៣១ នាក់ និទ្ទេស D ចំនួន ១៩២០ នាក់ ក្នុងនោះស្រី ១១៤២ នាក់ និទ្ទេស E ចំនួន ១៨៣០ នាក់ ក្នុងនោះស្រី ១ ០០៣ នាក់។ 

ក្នុងឱកាស់នោះ ឯកឧត្តម អភិបាលខេត្ត ក៏បានឧប្ថម្ភដល់ក្មួយៗ សិស្សានុសិស្សចំនួន ៦៤ នាក់ ក្នុងម្នាក់ៗ ៤០ ម៉ឺនរៀលផងដែ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *