ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង រៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធគម្រប់ខួប ១០ឆ្នាំ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ


ព្រៃវែង៖  នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ រដ្ឋបាលខេត្តព្រៃវែងដែលមានឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ជា ផល្គុន ព្រមទាំងមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី បងប្អូនប្រជាពលរដ្ឋ បានរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធគម្រប់ខួប ១០ឆ្នាំ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលធ្វើនៅសាលាខេត្តព្រៃវែង។ 

ក្នុងឱកាសនៃការប្រារព្ធគោរពវិញ្ញាណក្ខន្ធគម្រប់ខួប ១០ឆ្នាំ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ 

ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គឺជាការតបស្នងព្រះករុណាទិគុណនិងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមវិសេសវិសាលរបស់ព្រះអង្គដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជជាតិ បូរណភាពទឹកដី ផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ 

ជាមួយគ្នានេះឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ជា ផល្គុន ព្រមទាំងមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី បងប្អូនប្រជាពលរដ្ឋ ព្រមទាំងប្រជារាស្ត្រខ្មែរទូទាំងប្រទេសចាត់ទុក ជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គដើម្បីបុព្វហេតុជាតិមាតុភូមិនិងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្ត របស់ព្រះអង្គជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ។ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បានយាងសោយព្រះទិវង្គត នៅវេលាម៉ោង ១:២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស សម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ ដែលព្រះអង្គបានលះបង់ និងបានក្រាបថ្វាយព្រះពរដល់ព្រះវិញ្ញាណក្ខន្តរបស់ព្រះអង្គ បានយាងទៅសោយសុខនៅឋានសួគ៌ា។ 

បើទោះបីព្រះអង្គបានរំលាយក្ខន្ធ និងព្រះកាយទៅកាន់ព្រះបរមសុខយ៉ាងណាក្តី តែប្រជារាស្រ្តខ្មែរនៅតែចងចាំ នូវស្នាមព្រះហស្ថ និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ។ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចជ្រើសយកថ្ងៃទី១៥ខែតុលាជារៀងរាល់ឆ្នាំឲ្យប្រជាពលរដ្ឋខ្មែរបានឈប់សម្រាកដើម្បីចូលរួមកាន់ព្រះមរណទុក្ខនៃការយាងសោយទិវង្គតរបស់ព្រះអង្គ។ 

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត សូមឧទ្ទិសព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ⁣⁣⁣⁣ ព្រះករុណាព្រះបាទ⁣ សម្ដេចព្រះនរោត្តម សីហនុ ស្តេចយាងទៅសោយសុខក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយតាងនាមថ្នាក់ដឹកនាំនិងប្រជារាស្ត្រខេត្តព្រៃវែងនឹងចងចាំជានិច្ចនូវរាល់ស្នាមព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *