ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្មបន្តដំណើរមកវាយតម្លៃលើ​វឌ្ឍនភាពនៃកា​រអភិវឌ្ឍសហគម​ន៍ព្រៃឈើ​ព្រៃហ៊ុំ


កម្មវិធីទី២៖នៅក្នុងខេត្តកំពង់ធំ នៅរសៀលថ្ងៃដដែល ចេញពីកសិដ្ឋានចិញ្ចឹមត្រី ឯកឧត្តមរដ្ឋមន្ត្រីអមដំណើរដោយ ឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការទទួលបន្ទុករដ្ឋបាលព្រៃឈើ ឯកឧត្តម កែវ អូម៉ាលិស្ស ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តនិងសហការីបានបន្តដំណើរមកវាយតម្លៃលើវឌ្ឍនភាពនៃការអភិវឌ្ឍសហគមន៍ព្រៃឈើព្រៃហ៊ុំ ដែលមានទីតាំងនៅក្នុងភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ។ លោកប្រធានសហគមន៍ បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា សហគមន៍នេះបានបង្កើតឡើងក្នុងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០៦ ហើយទទួលស្គាល់ជាផ្លូវការដោយប្រកាស កសក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ បានចុះកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ និងបានអនុម័តផែនការគ្រប់គ្រងនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ បច្ចុប្បន្នសហគមន៍មានផ្ទៃដីទំហំ ៤០៨ហ.ត សមាជិកសរុបចំនួន ៥១៧ គ្រួសារ (ពីរភូមិគឺ ភូមិដំរីស្លាប់ ២១៧គ្រួសារ និងភូមិសង្គម ៣០០គ្រួសារ)។ លោកបានបន្តទៀតថា សហគមន៍បានទទួលប្រយោជន៍ពីផល និងអនុផលព្រៃឈើសំខាន់ៗមានដូចជា៖ ផ្លែគុយ ផ្សិត ដំឡូង វល្លិ៍ និងរំពាក់ជាដើម។ ដើម្បី លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាសហគមន៍
បច្ចុប្បន្ន រដ្ឋបាលព្រៃឈើបាននាំយកគម្រោងស្តីពីប្រព័ន្ធកសិ-រុក្ខកម្ម លើដី ១០ហ.ត ជីកអណ្តូងខ្នោះ ០១ អណ្តូងប្រើប្រាស់សូឡាប៊ូមទឹក ០១ ជីកស្រះទឹក ០១ សាងសង់ស្នាក់ការយាម តម្លើងរោងដាំបន្លែ (Green house) ចំនួន ០២ផងដែរ។ ផ្ទៃដី ៦ហ.ត បានដាំឈើពាណិជ្ជកម្ម រយៈពេលវែង មធ្យម និងខ្លីចំនួន ១២៣៥០ដើម ក្នុងនោះមានគ្រញូងចំនួន ៨០០០ដើម ធ្នង់ ១០០០ដើម បេង ១០០០ដើម អង្កាញ់ ១០០០ដើម ច្រេស ១០០០ដើម ខ្នុរ ១០០ដើម ស្តៅ ២០០ដើម និងស្វាយ ៥០ដើម។ ដោយសារគម្រោង បច្ចុប្បន្នសហគមន៍ទទួលបានប្រាក់ចំណូលសរុបប្រមាណជា ៦ ៥០០ ០០០រៀល។
ស្ថិតក្នុងទឹកដីព្រៃឈើដ៏សែនមនោរម្យ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍ ដោយបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ដែលលោកទាំងពីរតែងតែគិតគូពីសុខទុក្ខ និងបញ្ហាជីវភាពប្រចាំថ្ងៃរបស់បងប្អូន ហើយសម្តេចសូមជូនពរឱ្យបងប្អូនទទួលបាននូវពុទ្ធពរទាំង ៤ប្រការ។ ចំពោះពិធីនារសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលព្រៃឈើ ដែលបានសហការគ្នារៀបចំបង្កើតសហគមន៍ព្រៃឈើ ជាពិសេសយកគម្រោងមកអនុវត្តក្នុងសហគមន៍ផ្ទាល់ ដើម្បីជាប្រយោជន៍ក្នុងការបង្កើតគម្របព្រៃឈើឡើងវិញ ធ្វើការអភិវឌ្ឍ និងអភិរក្សព្រៃឈើ សត្វព្រៃ ជីវ:ចំរុះ ធានាបាននូវនិរន្តរភាពនៃការអាស្រ័យផល និងអនុផលព្រៃឈើ និងចូលរួមថែរក្សា ការពារធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ជាពិសេសកែប្រែ ឬលើកកម្ពស់កម្រិតជីវភាព ធានាបានការអភិវឌ្ឍសហគមន៍ព្រៃឈើប្រកបដោយចីរភាព។
ដើម្បីរក្សាបាននូវនិរន្តរភាពនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសរដ្ឋបាលព្រៃឈើជួយកៀរគរគម្រោងថ្មីៗដោយជ្រើសរើសសហគមន៍ព្រៃឈើទូទាំងប្រទេសធ្វើជាគោលដៅនៃចលនាជំរុញ និងបង្កើនផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមសត្វ ត្រី សាកវប្បកម្ម និងដំណាំរួមផ្សំ ដើម្បីបន្តការអភិវឌ្ឍសហគមន៍ឲ្យកាន់តែរីកចម្រើន ឈានទៅប្រែក្លាយជាសហគមន៍គំរូ និងសហគមន៍អេកូទេសចរណ៍ ដើម្បីទាញយកប្រយោជន៍បន្ថែមពីធនធានព្រៃឈើ បង្កើត និងបង្កើនប្រភពចំណូល កែលម្អជីវភាពតាមរយ: បង្កើតរបរបន្ថែម ដូចជាចិញ្ចិមឃ្មុំ ដាំឬស្សី ចិញ្ចឹមសត្វ និងដាំដំណាំ រួមទាំងរៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងសហគមន៍ឱ្យបានល្អ ដើម្បីពង្រីកវិស័យអេកូទេសចរណ៍ ធ្វើផ្លូវការពារភ្លើងឆេះព្រៃត្រូវបោះបង្គោលព្រំដីសហគមន៍និងធ្វើប្លង់ដីកម្មសិទ្ធិចៀសវាងការទន្រ្ទានដីព្រៃឈើរដ្ឋធ្វើជាកម្មសិទ្ធិ។មួយវិញទៀតឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្រូវជួយបន្ថែមលើការងារបច្ចេកទេសនិងទីផ្សារដើម្បីរំដោះផលដំណាំដែលផលិតដោយសហគមន៍៕

adm

Leave a Reply

Your email address will not be published. Required fields are marked *