ព័ត៌មានជាតិ

ឯកឧត្តម ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី រាជការ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងទាំងបី អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរ ក្រៅប្រព័ន្ធ នៅស្រុកពាមជរ និងស្រុកពាមរក៍ ខេត្តព្រៃវែង

ព្រៃវែង៖ ឯកឧត្តម ស សុខា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី រាជការ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងទាំងបី អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរ ក្រៅប្រព័ន្ធ នៅស្រុកពាមជរ និងស្រុកពាមរក៍ ខេត្តព្រៃវែង នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ 

ឯកឧត្តម ស សុខា បានមានប្រសាសន៍លើកឡើងថា ទាំងអស់នេះគឺជាការយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ 

ឯកឧត្ដម បានមានប្រសាសន៍ថា យើងទាំងអស់គ្នាត្រូវបន្តថែរក្សាពង្រឹងសន្តិភាព ស្ថិរភាព ការពារខឿនឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងលើកកម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម ដើម្បីធានាភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។  

ឯកឧត្តន បន្តទៀតថា រាជរដ្ឋាភិបាលនឹងបន្តជំរុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកំណែទម្រង់រដ្ឋបាលសាធារណៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងកំណែទម្រង់តាមវិស័យនានា ដើរទន្ទឹមនឹងការជំរុញអភិបាលកិច្ចល្អនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់លំដាប់ថ្នាក់ ដោយធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់ថ្នាក់ គ្រប់វិស័យ ឲ្យមានសមត្ថភាពជំនាញវិជ្ជាជីវៈខ្ពស់ រួមទាំងសមត្ថភាពជំនាញបច្ចេកវិទ្យាឌីជីថលនិងព័ត៌មាន និងពង្រឹងការគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិន័យ សីលធម៌វីជ្ជាជីវៈ ភាពស្អាតស្អំ ដោយផ្តោតលើការបម្រើប្រជាជន សំដៅលើកកម្ពស់នូវការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍសង្គម ប្រកបដោយសមធម៌យុត្តិធម៌និងបរិយាបន្ន។  បន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបន្តកែសម្រួល និងដំឡើងប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។ បន្តដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត និងអត្ថប្រយោជន៍ផ្សេងៗទៀត សម្រាប់កម្មករនិយោជិត។

រៀបចំកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងក្រុមជនងាយរងហានិភ័យទូទាំងប្រទេស  នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈរបស់រដ្ឋដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ សំដៅបន្តធ្វើការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព ឆ្លើយតបនឹងតម្រូវការទីផ្សារ។ រៀបចំដាក់ចេញ និងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដើម្បីបង្កើតឱកាសការងារនិងប្រាក់ចំណូលដល់ប្រជាជន។លើកកម្ពស់ការថែទាំសុខភាពជូនគ្រួសារក្រីក្រនិងក្រុមជនងាយរងហានិភ័យ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល។ ពង្រឹងរបបថែទាំសុខភាពដោយផ្តល់ប័ណ្ណ ប.ស.ស ( ពិនិត្យព្យាបាលជំងឺដោយមិនបង់ថ្លៃ) សម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានសម្តែងនូវការថ្លែងអំណរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងស្រុកពាមជរ ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបានសមិទ្ធផលនានាជាច្រើន ធ្វើអោយស្រុកពាមជរ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ សមិទ្ធផលទាំងអស់នេះពិតជាបានចូលរួមអនុវត្តសម្រេចដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះផងដែរ ឯកឧត្តម ស សុខា ក៏បានសម្តែងនូវការដឹងគុណនិងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅក្នុងស្រុកពាមជរ ក៏ដូចជានៅទូទាំងប្រទេស ដែលបានតស៊ូលះបង់ ធ្វើពលិកម្មយ៉ាងលំបាកលំបិន ចូលរួមនាំមកនូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដូចសព្វថ្ងៃនេះ។ ហើយអតីតយុទ្ធជន និងនិវត្តជនទាំងអស់ មិនថានៅក្នុងស្រុកពាមជរ ទេ នៅទូទាំងប្រទេសកម្ពុជា គឺជាសាក្សីរស់ឆ្លងកាត់សម័យសង្គ្រាម និងបានដឹងងច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត ៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) បានកាប់សម្លាប់ បំបិទសិទ្ធិសេរីភាពគ្រប់បែប បិទសាលារៀន បង្ខំឲ្យកុមារធ្វើការការបំផ្លិចបំផ្លាញការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ ការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម៕

adm

Leave a Reply

Your email address will not be published. Required fields are marked *