ព័ត៌មានជាតិ

កម្លាំងបោសសម្អាតមីន បានស្រង់​គ្រាប់​យុទ្ធភណ្ឌជាង ៦តោន ចេញពី​ខ្មោច​នាវាចម្បាំង​ ដែលលិចនៅក្នុងទន្លេ​មេគង្គ​ខេត្តកំពង់ចាម​ ប្រមាណ​ជា​៥០ឆ្នាំ​


កំពង់ចាម​:​ គ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​សរុប​ជាង​៦តោន​ រួមនឹង​សំភារៈ​មួយ​ចំនួន​ ត្រូវ​បានកងកម្លាំងបោសសម្អាត​ ស្រង់ចេញពី​ខ្មោច​នាវាច្បាំង​បន្សល់​ទុក​​ពី​សម័យ​សាធារណរដ្ឋ​ខ្មែរ​ ឆ្នាំ​១៩៧០-១៩៧៥​ ដែល​គេ​រកឃើញ​នៅក្នុង​ទឹក​ទន្លេមេគង្គ​ ស្ថិត​ក្នុង​ភូមិវាល​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​ ។​

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បាន​ឲ្យដឹង​ថា គ្រាប់យុទ្ធភណ្ឌដែលកម្លាំងជំនាញប្រមូលបានជាង ៦តោននេះ រួមមាន​ គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ គ្រាប់ត្បាល់៦០មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រ។ ក្រៅពីនោះកម្លាំងជំនាញក៏បាន​រកឃើញ​វត្ថុតាង​រួមមាន​ មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់ទាហាន លន់ ណុល ផងដែរ​ ។

ជាមួយ​គ្នា​នោះ​ លោកឧត្តមសេនីយ៍ទោ ម៉ី សុភា ក៏​បានលើកឡើងអំពីបញ្ហា និងឧបសគ្គមួយចំនួន ដែលតម្រូវ​ឲ្យ​ក្រុមការងារជំនាញសិក្សាបន្ថែម ព្រោះមានគល់ឈើ គល់ឬស្សី ព្រមទាំងសំណល់ឧបករណ៍នេសាទចាស់ៗជាច្រើន​ បានដាច់ហើយមកតោងជាប់នឹងនាវា ដែលជាហេតុធ្វើ​ឲ្យ​មានការលំបាក​ ក្នុងការប្រមូលកាក់សំណល់សង្គ្រា​ម​ ​គ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះចេញពី​ខ្មោច​នាវាចម្បាំងនោះ តែទោះជា​យ៉ាងណា​រហូត​មកដល់ពេលនេះ​ គឺកម្លាំងជំនាញបាន​និងកំពុងប្រតិបត្តិការ​លេី​ការងារ​នេះ​យ៉ាងក្តៅគគុក​ ដោយបានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកជុំវិញទីតាំងនាវាលិចនេះ មានទំហំ១,០០០ម៉ែត្រ គុណ ១,៥០០ម៉ែត្រ នៅតាមបណ្តោយដងទន្លេ ប្រមាណជា១៥០ហិកតា​ ។

គួរ​រំលឹក​ផង​ដែរ​ថា​ បន្ទាប់ពី​​ក្រុម​ហ៊ុន​ គ្លូបប៊លហ្គ្រីន ​បាន​បូម​ខ្សាច់​នៅ​តំបន់​នោះ​ ដេីម្បី​ដឹក​យក​ទៅ​រាជធានី​ភ្នំពេញ​ ហើយ​បាន​​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​ជាច្រើន​​គ្រាប់​ គឺមាន​ ១-គ្រាប់AK57​ចំនួន៣គីឡូក្រាម​ ២-គ្រាប់៦០មីលីម៉ែត្រ​ ចំនួន១៦គ្រាប់​ និងគ្រាប់៨០មីលីម៉ែត្រ​ ចំនួន១គ្រាប់​ បន្ទាប់​មក​អាជ្ញាធរមូលដ្ឋាន​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ដែល​មាន​មន្ត្រីស៊ីម៉ាក់​ និង​ក្រុមជំនាញមុជទឹក​ បានមកពិនិត្យទីតាំងបូមខ្សច់​នោះ​ ជម្រៅ​ប្រមាណ​ជា​១៩ម៉ែត្រ លទ្ធផលក្រុមជំនាញបានពិនិត្យឃើញទ្រង់ទ្រាយជា ម៉ារីន (នាវា​ចម្បាំង​)​ មួយគ្រឿង​នេះ។​ ជាមួយ​គ្នា​នោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ លោក​ក៏​បាន​ស្នើសុំ​គោលការណ៍​ពីសំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ដេីម្បី​ ​បង្កេីតក្រុមការងារអន្តរក្រសួង​ ចុះ​សិក្សា​​ និង​ដោះស្រាយ​បញ្ហា​នេះ​ផងដែរ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *