ព័ត៌មានជាតិ

ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ចុះជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សា មន្ត្រី និងកងកម្លាំង នៃរដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥ និង០០ នាទីរសៀល ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោក លោកស្រី អភិបាលរង នាយក-នាយករងរដ្ឋបាល និងមន្ត្រីអមដំណើរ ចុះជួបសំណេះសំណាលជាមួយ លោកស្រីចៅសង្កាត់ លោក លោកស្រី ក្រុមប្រឹក្សា ស្មៀន មន្ត្រី នគរបាលប៉ុស្តិ៍ ប្រជាការពារ និងមេភូមិទាំងអស់ នៃសង្កាត់ផ្សារដេប៉ូទី១។ នាឱកាសនៃពិធីសំណេះសំណាលខាងលើនេះ ឯកឧត្តមអភិបាលខណ្ឌ បានផ្ដល់ការណែនាំដល់ លោកស្រីចៅសង្កាត់ និងសហការី ទាំងអស់ ត្រូវតែយកចិត្តទុកដាក់ យ៉ាងមុតមាំបំផុត ក្នុងការបម្រើ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ , ពង្រឹងការងារទប់ស្កាត់ជម្ងឺកូវីដ១៩ ដើម្បីការពារខឿនសុខភាពនិងអាយុជីវិតរបស់ប្រជាជន , ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ខិតខំអនុវត្តការបង្ក្រាបទល្មើសផ្សេងៗដែលអាចនឹងបង្កអោយមានអសន្តិសុខក្នុងសង្គម រួមមាន អំពើចោរកម្ម គ្រឿងញៀន ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ការរៀបចំ ថែរក្សាអនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ និងខិតខំបង្កើនប្រសិទ្ធភាពការងារផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ប្រកបដោយ គណនេយ្យភាព “ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព”។ ឯកឧត្តមអភិបាលខណ្ឌ បានសង្កត់ធ្ងន់ថា មន្ត្រីទាំងអស់ ដាច់ខាតត្រូវតែប្រកាន់អោយបានខ្ជាប់ខ្ជួននូវ ស្មារតីសាមគ្គីភាពផ្ទៃក្នុង ដោយយកអស់កម្លាំងកាយចិត្ត ខិតខំបម្រើ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា ប្រកបដោយភក្ដីភាពបំផុត និងបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ។ លើសពីនេះទៀត ឯកឧត្តមអភិបាលខណ្ឌ បានបន្តទៀតថា មន្ត្រីទាំងអស់ ត្រូវតែតម្កល់ផលប្រយោជន៍ជាតិជាធំ និងចាត់ទុកប្រជាពលរដ្ឋជាម្ចាស់ សំដៅទាញយកអោយបាននូវសមានចិត្តគាំទ្រពីប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នាពេលខាងមុខ និងនាំយកជ័យជំនះ ជូន គណបក្ស និង រាជរដ្ឋាភិបាល អោយបាន ១០០% ជាដាច់ខាត់។ ជាចុងក្រោយ ឯកឧត្តមអភិបាលខណ្ឌ បានឧបត្ថម្ភដល់ រដ្ឋបាលសង្កាត់ និងរដ្ឋបាលប៉ុស្តិ៍ នូវ ថវិកា ចំនួន ៥០០,០០០ រៀល អាកុល ១ កាន និងម៉ាស់ចំនួន ២៤ ប្រអប់ ជាការលើកទឹកចិត្តផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *