ព័ត៌មានជាតិ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ អមដំណើរដោយ​អភិបាលរងខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ

កំពង់ចាម​ ៖​ នារសៀល​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ អមដំណើរដោយ​អភិបាលរងខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ដល់​លំនៅឋាន​របស់ស្ត្រី​ឈ្មោះ​ ខៀវ ដាឡៃ អាយុ២៨ឆ្នាំ ជាមន្ត្រីស្ម័គ្រចិត្ត នៅមណ្ឌលសុខភាពសំបូរ​ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ បន្ទាប់​ពី​រកឃើញ​វិជ្ជមានកូវីត-១៩​ ដោយ​មានមនុស្ស ៨នាក់ បានប៉ះពាល់ដោយផ្ទាល់ និង១៨នាក់ ប៉ះពាល់ដោយប្រយោល​ ដើម្បី​ជំរុញ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​​ធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ។

ក្នុង​ដំណើរ​អញ្ជើញ​ចុះពិនិត្យនេះ ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ​ឲ្យ​​ក្តាប់មុខសញ្ញាដែលប៉ះពាល់ដោយប្រយោល និងដោយផ្ទាល់​ ជាមួយ​អ្នក​វិជ្ជមាន​កូវីដ​-១៩ ដើម្បី​ជំរុញ​ការ​ធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ក្នុង​នោះ​អាជ្ញាធរ​ រួមនឹង​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវពិនិត្យ និងតាមដានឲ្យបានជាប់ជាប្រចាំ ដើម្បីជួយឧបត្ថម្ភ គាំទ្រដល់ប្រជាពលរដ្ឋ​ ដែលមានជីវភាពខ្វះខាត​ ឲ្យ​បានទាន់ពេលវេលា​ផងដែរ​។

ជាមួយ​គ្នានោះ​ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយស្ត្រីខាងលេី​ ត្រូវ​​ទៅពិនិត្យសុខភាព និងយកសំណាក់នៅមន្ទីរពេទ្យបង្អែក​ ដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ក្នុង​នោះ​បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ជាពិសេស​មិត្តភ័ក្រ្តដែលធ្លាប់ប្រាស្រ័យ​ទាក់ទង​ជាមួយនឹងអ្នកជំងឺរូបនេះ ក៏ដូចជា​បងប្អូនប្រជាពលរដ្ឋដែលមានហានិភ័យខ្ពស់ ត្រូវតែអនុវត្តយ៉ាងម៉ឹងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍​ ​ឲ្យ​ជៀសផុតពីជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​នេះ​ ។
គួរបញ្ជាក់ថា​ នៅថ្ងៃទី២២ ម្សិលមិញ​នេះ បន្ទាប់​ពី​រដ្ឋបាលខេត្ត បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ​ ពីករណីវិជ្ជមានកូវីដ-១៩ លើ​ស្ត្រី​ខាងលើនេះ​ ឯកឧត្តមអភិបាលខេត្ត ក៏​បានចាត់​ឲ្យ​មន្ទីរសុខាភិបាល ស្រាវជ្រាវរកអ្នកដែលប៉ះពាល់​ជាមួយ​ករណីនេះ ដោយបានបញ្ជូនអ្នកដែលបានប៉ះពាល់ដោយផ្ទាល់មកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធដោយប្រយោលត្រូវបានណែនាំឲ្យធ្វើ ចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវមណ្ឌលសុខភាពសំបូរ ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ដោយមានការពាក់ព័ន្ធ​ផងដែរ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *