ព័ត៌មានជាតិ

ឃាតករដែលធ្វើគតព្រះចៅអធិការវត្តចេតិយថ្មី ព្រះនាម ភោគ ធារិទ្ធ ត្រូវសមត្ថកិច្ចចាប់បានហើយរីឯបក្ខពួកគេចខ្លួន


(ខេត្តកណ្តាល)៖កិច្ចប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីឃាតកម្មធ្វើគត(សម្លាប់)ចៅអធិការវត្តចេតីយថ្មី ស្ថិតនៅឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងនគរបាលបាលជាតិ ទទួលកិច្ចការផែននគរបាលយុត្តិធម៌ និងទទួលបាន កិច្ចចង្អុលដឹកនាំសហការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានជំនាញព្រហ្មទណ្ឌរួមជាមួយ នាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានដឹកនាំបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបើកការ ស៊ើបអង្កេតនិងដោយបានកិច្ចដឹកនាំសម្របសម្រួល ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ដោយមានការដឹកនាំផ្ទាល់ពីលោកស្នងការរង ផែនការងារព្រហ្មទណ្ឌនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានរួមសហការបើកការស៊ើបអង្កេត ក្នុងរយៈពេល៧ថ្ងៃឈានដល់ការកំណត់បានមុខសញ្ញាមេក្លោងផ្ដើមគំនិតជួលឃាតកមានលទ្ធផលបង្ក្រាបដូចខាងក្រោម៖
ករណី៖ឃាតកម្ម គិតទុកជាមុនកើតហេតុ៖ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង៨ព្រឹក(ម៉ោងប្រទះឃើញ)នៅចំណុច លើកុដិ ក្នុងបន្ទប់លោកចៅអធិការ វត្តចេតិយថ្មី ភូមិ ចេតិយថ្មី ឃុំ វិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះ០១អង្គ(លោកចៅអធិការវត្ត)ព្រះនាម ភោគ ធារិទ្ធ(ហៅតាតឿតាតុប)ព្រះជន្ម៥៣វស្សាចៅអធិការវត្តចេតិយថ្មី ភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យនិងបក្ខពួក៖
១.ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ ពុះដីឡូត៍លក់ មានទីលំនៅភូមិផ្សារដែក ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
២.ឈ្មោះ ស្រេង ស្រ៊ុន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រក់ក្តា ឃុំវិហារ
លួង ស្រុកពញាឮ ខេត្តកណ្ដាល(គេចខ្លួន)។
វត្ថុតាងចាប់យក៖ខ្សែនីឡុងពណ៌ស (ខ្សែកន្ទុយកណ្តុរ) ទំហំ០,៥មីលីម៉ែត្រ និងប្រវែងវាស់១ជុំ (ក) ប្រវែង៣០សង់ទីម៉ែត្រ។
តាមសមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើ លោកយាយ ឈ្មោះ បុិច សារឿន ហៅយាយប៉ុកអាយុ៦៧ឆ្នាំ ជាអ្នកដាំស្ល កាច់បាយសី រស់នៅ សម្រាកក្នុងវត្ត បានទៅ និមន្តព្រះសង្ឈខាងលើពីក្នុងកុដិឲ្យទៅឆាន់ចង្ហាន់ពេលព្រឹក ពេលទៅដល់មុខកុដិ បានស្រែកហៅ ប៉ុន្តែមិនឮ សម្លេងលោកឆ្លើយ ក៏ត្រឡប់មកវិញ ហៅលោកយាយ ម្នាក់ទៀត ឈ្មោះ ធ្លក យន អាយុ ៧០ឆ្នាំ ឲ្យទៅជួយហៅលោក និងបានគោះទ្វារ រួចរុញទ្វារចូលក្នុងកុដិ ក៏បានឃើញលោកចៅអធិការវត្ត សឹងសុគត នៅលើគ្រែ និងមានភួយពណ៌ លឿងគ្របពីលើព្រះកេស ដល់ចុងជើងហើយ លោកយាយ បាននាំគ្នា ផ្អើលឆោឡោ ទូលដល់ លោកគ្រូសូត្រស្ដាំ ព្រះនាម ឈួន សាវន និងបានទូង
ស្គរ ហៅពុទ្ធបរិសទ្ធ ឲ្យមកជួយពិនិត្យមើល។
ការពិនិត្យ៖សាកសព លោករងគ្រោះសឹង(ដេក)លើគ្រែបែរព្រះកេស(ក្បាល)ទៅត្បូង ជើងស្តាំម្ខាង គងលើខ្នើយ ជើងឆ្វេងសំយ៉ុង ចុះក្រោម លើផ្ទៃមុខមានស្នាមប្រឡាក់ឈាម និងលៀនអណ្តាតចេញក្រៅមានខ្សែនីឡុងពណ៌ស(ខ្សែកន្ទុយកណ្តុរ)រិតនៅជុំវិញកសាកសព និងស្នាមរលាត់នៅផ្នែកទ្រូងខាងស្តាំនិង ស្នាមរលាត់សើស្បែកលើ កញ្ចឹងក។
ករណីនេះកម្លាំងប៉ុស្តិ៍ កម្លាំង អធិការដ្ឋានស្រុកពញាឮ កម្លាំងការិយាល័យ ព្រហ្មទណ្ឌខេត្ត បានសហការជាមួយ នាយកដ្ឋានព្រហ្មទណ្ឌបានស្រាវជ្រាវ រកជនសង្ស័យ និង
ឈានទៅដល់កំណត់បានមុខសញ្ញាសង្ស័យ ឈ្មោះ ឡៅ ទ្រី ហៅ ឃាង មកសាកសួរនិងបានសារភាពពីគម្រោងការ ធ្វើសកម្មភាពនិងការរៀបចំផែនការធ្វើគតព្រះចៅអធិ
ការវត្តចេតីយថ្មី។
ចម្លើយសារភាព របស់ជនសង្ស័យ ៖ នៅថ្ងៃមិនចាំ ខែតុលា ឆ្នាំ២០២០ វេលា ម៉ោងប្រហែល១១ថ្ងៃត្រង់ ឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទមកជនសង្ស័យឈ្មោះ ឡៅ ទ្រី ហៅ ឃាង ណាត់ជួបគ្នា នៅហាង ម្លប់ស្វាយ ជិតផ្លូវចូល ប៉ុស្តិ៍នគរបាលរដ្ឋបាល វិហារលួង ពេលជួបគ្នាជនសង្ស័យ បាននិយាយរឿង ឈ្លោះគ្នា ជាមួយលោកចៅអធិការវត្តចេតតីយ ថ្មី ហើយសួររក អ្នកស្មាត់ ឈ្មោះ ស្រេង ស្រ៊ុន ថា៖ រឿងហ្នឹងកុំភ័យឲ្យតែលុយមក ឈ្មោះឡៅ ទ្រីឃាង សួរថាប៉ុន្មាន? ឈ្មោះស្រេង ស្រ៊ុនឆ្លើយថា៖ ៧.០០០ដុល្លារ ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ក៏យល់ព្រម។រំលងបានប្រហែល២០ថ្ងៃក្រោយមក វេលាម៉ោងប្រហែល៤រសៀល ឈ្មោះស្រេង ស្រ៊ុន បានទូរស័ព្ទហៅឈ្មោះឡៅ ទ្រី ហៅ ឃាង មកជួប នៅហាងម្លប់ត្នោត ដោយប្រាប់ថា១០.០០០ដុល្លារបានធ្វើកើតព្រោះ
គ្នា៣ នាក់ បានធ្វើឈ្នះ ឈ្មោះ ឡៅ ទ្រី ហៅ ឃាងបានយល់ព្រម ហើយបានប្រគល់លុយឲ្យមុន ៣.០០០
ដុល្លារ រួចក៏ បែកគ្នា ចេញមកមុន។លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៨.៤០នាទី ឈ្មោះ
ស្រេង ស្រ៊ុន បានទូរស័ព្ទ មកប្រាប់ថា៖ ប្លង់រឹង(ភាសាដាក់ម៉ូ ធ្វើសកម្មភាព)ធ្វើរួចហើយ ជនសង្ស័យ ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ថា៖ធ្វើរួចក៏រួចទៅ។ដល់ម៉ោងប្រហែល១០យប់ថ្ងៃដដែល ឈ្មោះ ស្រេង ស្រ៊ុន បាន ឆាតតាមTelegram ថា៖ បានសម្លាប់ លោកហើយដោយរឹតកលោក រួចលើកដាក់លើគ្រែចងរឹតក បន្ថែម រួចគ្របភួយ ពេលនោះ ឈ្មោះ ស្រេង ស្រ៊ុន ទារលុយបង្គ្រប់ ឈ្មោះ ឡៅ ទ្រី ហៅ ឃាងថា៖ចាំស្អែកទៅ។លុះស្អែកឡើងវេលាម៉ោង១០.៣០នាទី ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ជាជនសង្ស័យ បានបើកឡាន ម៉ាកព្រុស យកលុយទៅ ឲ្យឈ្មោះស្រេង ស្រ៊ុន នៅជិតរោងចក្រ ស្រែចិន្តា ពេលទៅ ដល់ឃើញឈ្មោះ ស្រេង ស្រ៊ុន ជិះម៉ូតូម៉ាក វ៉េវអាល់ហ្វាអត់ផ្លាកលេខចាំនៅ ទីនោះ ហើយក៏ហុចលុយ៧.០០០ដុល្លារ តាមកញ្ចក់ឡាន ឲ្យទៅឈ្មោះ ស្រេង ស្រ៊ុន រួច ឈ្មោះ ស្រេង ស្រ៊ុន បាន ប្រាប់ ឈ្មោះ ឡៅ ទ្រី វិញថា ៖ ពេលប៉ូលីសសួរ កុំឆ្លើយអ្វីទាំងអស់ និយាយ តែមិនដឹងៗទៅ ប៉ូលីសមិនអាចធ្វើអ្វីកើតទេ និងឲ្យលុបលេខទូរស័ព្ទ និងរូបពាក់ពន្ធ័ទាំងអស់ចោលរួចក៏បែកគ្នាទៅ។
មូលហេតុ៖ការរៀបចំផែនការ សម្លាប់ជនរងគ្រោះ ព្រោះ ជនសង្ស័យ ឈ្មោះ ឡៅ ទ្រី ហៅ ឃាង បានយកផ្ទះ និង តូបផ្សារ នៅផ្សារម៉ាន់អាំង រាជធានីភ្នំពេញ និងដី២ឡូត៍នៅផ្សារត្រាច ខេត្តកំពង់ឆ្នាំង ដោយបានយកលុយពីលោក ចំនួន១១.៥០០ដុល្លារ ទៅសង់ផ្ទះ តែមិនបានសង់ទេ ព្រមទាំងយកទ្រព្យសម្បត្តិរបស់លោក ដែលជនរងគ្រោះ លោក ឲ្យឈ្មោះ ឡៅ ទ្រី ហៅ ឃាង ឈរឈ្មោះជំនួស យកទៅលក់អស់ និង មានព័ត៌មានឭថា៖ លោកជិត ដាក់(សិក) នៅដំណាច់ឆ្នាំនេះ ដើម្បីទៅឡើងផ្ទះនិងគ្រប់គ្រង ទាមទារទ្រព្យសម្បត្តិទាំងអស់របស់លោកមក វិញ ទើបរៀបចំ ផែនការសម្លាប់ ដើម្បី បំបិទមាត់ បានសម្រេចនៅថ្ងៃទី១៩ ខែធ្នូ នេះតែម្ដង ដើម្បីប្រមូល កាន់កាប់ លុយកាក់ ទ្រព្យសម្បត្តិរបស់លោកទាំងអស់។
សមត្ថកិច្ច បាននាំខ្លួន ជនសង្ស័យ មកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការ តាមនីតិវិធី និងកំពុងបន្តតាមស្វែងមុខសញ្ញា និងបក្ខពួក រួមគំនិតសមគំនិត និង ជនដៃដល់ផ្សេងទៀតដែល ជាប់ពាក់ព័ន្ធយកមកផ្ដន្ទាទោសតាមច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *