ព័ត៌មានជាតិ

នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនៃអគ្គនាយកដ្ឋានជំរុញពាណិជ្មកម្មនៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាស្តីពី«ការលើកកម្ពស់ផលិតផលខ្មែរ»  នៅមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង

ព្រៃវែង៖ សិក្ខាសាលាស្តីពី«ការលើកកម្ពស់ផលិតផលខ្មែរ» ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនៃអគ្គនាយកដ្ឋានជំរុញពាណិជ្មកម្មនៃក្រសួងពាណិជ្ជកម្ម ជួយផ្តល់ព័ត៌មានអំពីឱកាសទីផ្សារថ្មីៗ ចែករំលែកបទពិសោធន៍ល្អៗ និងស្វែងរកដៃគូសហការធ្វើអាជីវកម្ម ដែលពិធីនេះមានអញ្ជើញជាអធិបតី ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និង លោក ឈាង សុវណ្ណារ៉ាអភិបាលរងខេត្តព្រៃវែង ព្រមទាំង លោក ម៉ូរី អាគីហឺម៊ី (Mr. Mori Akifumi Food Line Merchandising Senior GM ក្រុមហ៊ុន អ៊ីអន (ខេមបូឌា) ខូអិលធីឌី និងលោក លោកស្រី អាជីវករ ពាណិជ្ជករ ផលិតករ សិប្បករ សេវាករ ជាច្រើនរូប នៅមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្ត បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ ជួយផ្តល់ព័ត៌មានអំពីឱកាសទីផ្សារថ្មីៗ ចែករំលែកបទពិសោធន៍ល្អៗ និងស្វែងរកដៃគូសហការធ្វើអាជីវកម្ម ជាពិសេសផ្តល់ជាយុទ្ធសាស្ត្រក្នុងការធ្វើអាជីវកម្ម ស្របតាមបរិការណ៍នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា នៃការធ្វើអាជីវកម្មតាមគន្លងប្រក្រតីភាពថ្មីនៃសម័យបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការធ្វើពាណិជ្ជកម្មលើគ្រប់វិស័យរបស់រដ្ឋបាលខេត្តព្រៃវែង ឱ្យកាន់តែមានវឌ្ឍនភាពបន្ថែមទៀត ជាពិសេសសិក្ខាសាលានេះពិតជាបានចូលរួមគាំទ្រ និងលើកទឹកចិត្តដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជាឱ្យផលិតកែច្នៃផលិតផលខ្មែរកាន់តែល្អប្រសើរ ដើម្បីប្រកួតប្រជែងជាមួយផលិតផលនាំចូលពីក្រៅប្រទេស។

លោក អភិបាលរងខេត្ត ស្នើសុំកសិករ ផលិតករ សិប្បករ សេវាករ អាជីវករ ពាណិជ្ជករ ត្រូវខិតខំពង្រីកការដាំដុះ ការកែច្នៃ ការវេចខ្ចប់ ការដាក់ម៉ាកសញ្ញាផលិតផល ឈ្មោះសិប្បកម្ម  សហគ្រាស ក្រុមហ៊ុន កាលបរិច្ឆេទប្រើប្រាស់ ការបិទស្លាកថ្លៃលើផលិតផល  ព្រមទាំងការកែច្នៃផលិតផលឱ្យមានគុណភាព សុវត្ថិភាព សោភ័ណភាពដើម្បីផ្តល់ទំនុកចិត្តដល់សាធារណជន និងអ្នកប្រើប្រាស់។

ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនការប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជននិងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ហើយនៅក្នុងបញ្ចកោណ    ទី៣ ការអភិវឌ្ឍវិស័យឯកជននិងការងារ មុំទី២ ត្រង់ចំណុចទី៣ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួង      ពាណិជ្ជកម្មជាសេនាធិការនឹងបន្តពង្រឹង និងពង្រីកទីផ្សារក្នុងស្រុក និងសកលសម្រាប់សហគ្រាសធុនមីក្រូ តូចនិងមធ្យម និងធុរកិច្ចថ្មីតាមរយៈការដាក់ឱ្យអនុវត្តយន្តការគាំទ្ររបស់រដ្ឋនានា និងលទ្ធកម្មសាធារណៈ ព្រមទាំងផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើតបណ្តាញធុរកិច្ច ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៣០ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២0៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

ឯកឧត្ដម បន្តថា កម្ពុជា បានចុះកិច្ចព្រមព្រៀងសេរីទ្វេភាគីកម្ពុជា-ចិន កម្ពុជា-កូរ៉េ និង     កិច្ចព្រមព្រៀងភាពជាដៃគូនៃសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងបានប្រកាសឱ្យអនុវត្តជាផ្លូវការកាលពីឆ្នាំ២០២១ និងឆ្នាំ២០២២កន្លងទៅ ព្រមទាំងកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីជាច្រើនទៀត ជាមួយគ្នានេះក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារ សិក្សាស្រាវជ្រាវកំណត់យកផលិតផលសក្ដានុពល ១០មុខមាន       ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច ដើម្បីលើកកម្ពស់និងជំរុញផលិតកម្មនាំចេញឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ទន្ទឹមនឹងការជំរុញផលិតផលទាំង១០មុខនេះដែរ ក្រសួងពាណិជ្ជកម្មបាននិងកំពុងយកចិត្តទុកដាក់ លើកិច្ចការអភិវឌ្ឍផលិតផលក្នុងស្រុកឱ្យក្លាយជាផលិតផលមានទីផ្សារនិងមានតម្លៃដែលប្រកួតប្រជែង ជាមួយផលិតផលបរទេស។ ស្របពេលជាមួយគ្នានេះដែរ សូមលោក លោកស្រី អាជីវករ ពាណិជ្ជករ ផលិតករ សិប្បករ សមាគមដែលជាប្រតិបត្តិករផ្ទាល់ គប្បីខិតខំបន្ថែមទៀតក្នុងការអភិវឌ្ឍសមត្ថភាព ការដាំដុះ ការចិញ្ចឹម ការផលិត ការកែច្នៃ ការវេចខ្ចប់ផលិតផលរបស់ខ្លួនឱ្យមានគុណភាព សោភ័ណភាព សុវត្ថិភាព ស្របតាមស្តង់ដារ  និងដាក់ឈ្មោះម៉ាកយីហោក្រុមហ៊ុន ផលិតផលឱ្យបានត្រឹមត្រូវ ចុះកាលបរិច្ឆេទថ្ងៃខែឆ្នាំផលិត ថ្ងៃខែឆ្នាំផុតកំណត់ បិទស្លាកថ្លៃ លេខបារកូដផលិតផលជាដើម។ លើសពីនេះទៀត គួរខិតខំពង្រឹងនិងពង្រីកការផលិតផលិតផលរបស់ខ្លួនដែលមានស្រាប់ឱ្យកាន់តែច្រើនបន្ថែមទៀត ដោយអនុលោមតាមស្តង់ដារជាតិ-អន្តរជាតិ ទាំងនេះសុទ្ធតែជាការរួមចំណែក ក្នុងការលើកកម្ពស់ផលិតផលខ្មែរ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រនិងចៀសវាងចំណាកស្រុកទៅធ្វើការក្រៅប្រទេសពុំស្របច្បាប់ដោយប្រការណាមួយ។

ក្នុងនោះដែរ ក៏មានការធ្វើបទបង្ហាញស្តីពី “ការអភិវឌ្ឍផលិតផលខ្មែរស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន”
លោក ហ៊ឹង ចក់ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម
។ បទបង្ហាញស្តីពី “ការកសាងម៉ាកយីហោផលិតផលខ្មែរ” លោក ថា រិទ្ធី អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម។  បទបង្ហាញស្តីពី “បែបបទការបញ្ជូនផលិតផលខ្មែរចូលផ្សារទំនើប លោក ម៉ូរី អាគីហឺម៊ី (” Mr. Mori Akifumi Food Line Merchandising Senior GM ក្រុមហ៊ុន អ៊ីអន (ខេមបូឌា) ខូអិលធីឌី ដោយ ការចែករំលែកបទពិសោធន៍អំពី “គន្លឹះនៃការធ្វើអាជីវកម្ម” និងលោកស្រី កែវ ដារីយ៉ា ប្រធានសិប្បកម្មផលិតសាច់ក្រកងៀតកំពង់ពពិលខេត្តព្រៃវែងផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *