ព័ត៌មានជាតិ

ឯកឧត្ដម អភិសន្តិបណ្ឌិត ស  សុខា អញ្ញើញបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម អភិសន្តិបណ្ឌិត ស  សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ញើញជាអធិបតី បិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង។

ក្នុងនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានលើកឡើងថា ដោយផ្អែកលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋ បាលខេត្តព្រៃវែង អង្គសន្និបាតបានរៀបចំឲ្យមានក្រុមពិភាក្សាចំនួន ០៥ក្រុម ដែលផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖ ១-ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងពន្ធនាគារ ២-ការពង្រឹងអង្គភាព និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ និងការគ្រប់គ្រងសាលារៀន និងពង្រឹងគុណភាពអប់រំ និងការទទួលមុខងារក្នុងវិស័យ អប់រំ យុវជន និងកីឡា និងវិស័យសុខាភិបាល ទៅឲ្យរដ្ឋបាលក្រុង ស្រុក ៣-ការដោះស្រាយសំណើ សំណូមពររបស់ប្រជាពលរដ្ឋ និងការកែលម្អសោភណ្ឌភាព អនាម័យបរិស្ថាននៅទីប្រជុំជន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក និងឃុំ សង្កាត់ ៤-ការលើកស្ទួយវិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍជនបទ និង៥-ការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ(ទាំងថ្នាក់ក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់) ព្រមទាំងការលើកឡើងនូវបទពិសោធន៍នៃការអនុវត្តការងារកន្លងមក បញ្ហាប្រឈម មូលហេតុនៃបញ្ហានានា និងវិធានការដោះស្រាយល្អៗ ដើម្បីរួមគ្នាដាក់ចេញនូវផែនការ អនុវត្តបន្តឲ្យបានទទួលជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្ដម អភិបាលខេត្ត បន្តថា អង្គសន្និបាត ក៏បានកត់សម្គាល់ឃើញថា ការធ្វើសមាហរណកម្មក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលក្រុង ស្រុកទូទាំងខេត្ត បានធ្វើឲ្យរដ្ឋបាលថ្នាក់ក្រុង ស្រុក ជារដ្ឋបាលមួយប្រកបដោយថាមពល ម្ចាស់ការ ទាំងបុគ្គលិក ទាំងធនធានដើម្បីប្រមូលផ្តុំការដឹកនាំគ្រប់វិស័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពឆ្លើយតបខ្ពស់ជាងមុន។ ចំពោះការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយ ទាំងនៅថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុក និងថ្នាក់ឃុំ សង្កាត់ បានដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រ សាទរពីប្រជាពលរដ្ឋ ដែល ជាអ្នកស្នើសុំសេវា ដោយរាជរដ្ឋាភិបាលបានបង្ខិតសេវាឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ និងនីតិវិធីមានលក្ខណៈសាមញ្ញ តម្លាភាព គណនេយ្យភាព ភាពជឿជាក់ ទុកចិត្តបាន និងគ្មានអំពើពុករលួយ។

ឯកឧត្ដម អភិសន្តិបណ្ឌិត ស  សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រសាសន៍ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំបឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់រដ្ឋបាលខេត្តព្រៃវែងគ្រប់លំដាប់ថ្នាក់ដើម្បីធ្វើយ៉ាងណាធានាបាននៅនិរន្តរភាពការងារ និងការអភិវឌ្ឍន៍ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ប្រកបដោយភាពរីកចម្រើនជាបន្តរបន្ទាប់។ ក្នុងនោះដែរយោងតាមរបាយការណ៍របស់ ឯកឧត្តម អភិបាលខេត្ត បានរាយការអំពីលទ្ធផលនៃការធ្វើសន្និបាតបានបញ្ជាក់ឲ្យឃើញថាខេត្តព្រៃវែងក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកអស់កម្លាំងកាយចិត្តក្នុងការបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាដើម្បីរួមគំនិត រួមការធ្វើ ឲ្យខេត្តព្រៃវែងនេះកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្ដម អភិសន្តិបណ្ឌិត បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងកំណែទម្រង់ដ៏មានសារៈសំខាន់នេះ បានធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តបានពង្រឹងការលើកកម្ពស់កិច្ចគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីឱ្យការអនុវត្តន៍តួនាទី ភារកិច្ចរបស់ថ្នាក់រដ្ឋបាលទាំងនោះ ប្រព្រឹត្តទៅស្របតាមច្បាប់ និងវិធានការទាំងឡាយជាធរមាន ពិសេសការលើកកម្ពស់ការអភិវឌ្ឍន៍មូលដ្ឋានកាន់តែប្រសើរថែមទៀត។

ឯកឧត្ដម អភិសន្តិបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ និងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រនានា បានសម្រេចនូវសមិទ្ធផលធំៗថ្មីៗជាច្រើនជូនជាតិ មាតុភូមិ។

ឯកឧត្ដម អភិសន្តិបណ្ឌិត ក៏បានបំពាក់គ្រឿងឥស្សរិយសដល់មន្ត្រីរាជការ ដែលមានស្នាដៃ ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *