ព័ត៌មានជាតិ

សារាចរណែនាំស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើ របាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិ នៅខេត្តព្តៃវែងឆ្នាំ ២០២២

 នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំសារាចរណែនាំស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដោយ លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង លោក ស៊ុន ចំណាន ប្រធានរតនាគារខេត្ត រួមទាំងមន្ត្រីអង្គភាពជុំវិញខេត្តជាច្រើនរូប។ 

 ថ្លែងនៅក្នុងឱកាសនោះផងដែរ លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានមានប្រសាសន៍ថា៖ ប្រាក់ចំណូលទាំងអស់ទោះបីស្ថិតក្នុងប្រភេទចំណូលណាក៏ដោយ អាណាប័កគ្មានសិទ្ធិដកចំណូលយកទៅចំណាយ ឬពន្យារពេលបង់ចូលថវិកាថ្នាក់ជាតិដើម្បីទុកប្រើប្រាស់ជាផលប្រយោជន៍ណាមួយឡើយ ប្រាក់ចំណូលទាំងអស់ត្រូវប្រមូលបង់ចូលថវិកាថ្នាក់ជាតិយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ជាកំហិត។ 

 លោកប្រធានមន្ទីរ ក៏បានលើកឡើងបន្តទៀតផងដែរ ក្រសួងស្ថាប័នអង្គភាពរដ្ឋបាលថ្នាក់ជាតិ និងមន្ទីរជំនាញរាជធានីខេត្តត្រូវរៀបចំតារាងឧបសម្ព័ន្ធរជ្ជទេយ្យបុរេប្រទាន និងតារាងគម្រោងចំណាយតាមនិតីវិធីបើកសាច់ប្រាក់មុនសម្រាប់ចំណាយប្រាក់បេសកកម្មនៅក្នុងប្រទេសសិក្ខាសាលាកិច្ចប្រជុំផ្សេងៗសម្រាប់ឆ្នាំ២០២៣ រួចបញ្ជូនមកមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ និងគណនេយ្យករសាធារណៈឲ្យបានមុនដំណាច់ខែវិច្ឆិកា (មុនឆ្នាំអនុវត្តន៍)។ 

 ប្រាក់ចំណូលទាំងអស់របស់គ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវបូកសរុបនិងបង់ចូលគណនីប្រាក់បញ្ញើរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលនៅរតនាគារពាក់ព័ន្ធ ឬនៅធនាគារពាណិជ្ជដៃគូ ឬបេឡាជាបណ្តោះអាសន្នរបស់គណនេយ្យករយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ 

 ក្រោយពីលោក អ៊ុន វីលីយ៉ា ប្រធានការិយាល័យថវិកាមន្ទីរជំនាញបានពន្យល់ណែនាំទៅកាន់អង្គពិធីទាំងមូលរួចមក លោក ស៊ុន ចំណាន ប្រធានរតនាគារខេត្ត មានមតិពន្យល់ណែនាំ និងការអនុវត្តបន្ថែមលើចំណូល-ចំណាយ ដែលពាក់ព័ន្ធ និងសំណូមពរធ្វើយ៉ាងណាមន្ទីរអង្គភាពពាក់ព័ន្ធធ្វើយ៉ាងណាឲ្យបានលឿនក្នុងការរៀបចំឯកសារ។ 

 ក្នុងនោះលោកប្រធានមន្ទីរមានសង្ឃឹមយ៉ាងមុតមាំថាអង្គពិធីនេះ និងផ្តល់ធាតុចូលបន្ថែមយ៉ាងសំខាន់ក្នុងការពង្រឹង និងបង្កើនសមត្ថភាពដល់ថ្នាក់ដឹកនាំមន្ត្រីជំនាញនៃមន្ទីរអង្គភាព លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានមានមតិបូកសរុប និងសូមថ្លែងអំណរគុណដល់អស់លោកលោកស្រីតំណាងឲ្យមន្ទីរនានាបានផ្តល់កិច្ចសហការចូលរួមធ្វើក្នុងបទបង្ហាញនេះ និងសូមគោរពជូនពររាល់ការធ្វើដំណើរត្រលប់ទៅវិញប្រកបដោយសុវត្ថិភាព៕

adm

Leave a Reply

Your email address will not be published. Required fields are marked *