ព័ត៌មានជាតិ

យុទ្ធនាការធ្វើតេស្ដរកសារធាតុញៀនលើមន្ដ្រីនគរបាលខេត្តព្រៃវែង រកឃើញមន្ដ្រី១១នាក់មានសារធាតុញៀន និងបញ្ជូនទៅមណ្ឌលបន្សាប

(ព្រៃវែង)៖ យុទ្ធនាការធ្វើតេស្ដរកសារធាតុញៀនលើមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង របស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាលទ្ធផលបានរកឃើញថា មានមន្ដ្រីចំនួន១១នាក់ មានសារធាតុញៀននៅក្នុងខ្លួន។

សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មានយើងទទួលបាននៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអះអាងថា ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិមន្ដ្រីនគរបាលទាំង១១នាក់នោះ ត្រូវបានបញ្ជូនទៅមណ្ឌលស្ដារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន នៅស្រុកកណ្ដាលស្ទឺង ខេត្តកណ្ដាល។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនយ៉ាងដូច្នេះថា៖

«ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិកម្ពុជា ចាប់ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកយុទ្ធនាការ ធ្វើតេស្ដស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ  អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង។ ជាលទ្ធផលគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារបានស្វែងរកឃើញមន្ត្រីនគរបាល ដែលជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន១១នាក់។

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជូនមន្ត្រីនគរបាលទាំង១១នាក់នោះ ទៅកាន់មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដោយឡែក ចំពោះរូបភាពអនុវត្តវិន័យយ៉ាងណានោះ ស្នងការដ្ឋាននគរបាលខេត្ត នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ បំផុត តាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំនាពេលក្រោយ។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណ និងត្រៀមជាស្រេចដោយក្តីរីករាយ ដើម្បីទទួលរាល់កិច្ចសហការ មតិរិះគន់ស្ថាបនាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្ដាញសារព័ត៌មាន ដែលកន្លងមកបានចូលរួមសហការ និងបន្តសហការក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ព្រមទាំងសំរិតសំរាំងដល់មន្ដ្រីនគរបាលខេត្តព្រៃវែង»៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *