ព័ត៌មានសន្តិសុខសង្គម

ករណីចុះបង្ក្រាបគ្រឿងចក្រវ៉ៃព្រៃភ្នំរុករករ៉ែ ប្រៀបដូចវ៉ៃបំបែកឆ្នាំងបាយអាជ្ញាធរខេត្តពោធិ៍សាត់!

(ពោធិ៍សាត់) ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះដោយផ្ទាល់បង្ក្រាបបទល្មើសឈូសឆាយព្រៃភ្នំរុករករ៉ែ នៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ប្រតិបត្តិការនេះត្រូវបានក្រុមមន្ត្រីដែលចូលរួមនិយាយថា វាប្រៀបដូចជាការហែកសំពត់ពុករលួយរបស់ពួកមន្ត្រីខេត្តពោធិ៍សាត់ ជាពិសេសរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្ត។ យ៉ាងណាក៏ដោយមិនទាន់មានជនណាម្នាក់ ត្រូវបានផ្ដន្ទាទោសនៅឡើយទេ។ គេកំពុងរង់ចាំមើលថា តើពួកអ្នកប្រព្រឹត្តល្មើសច្បាប់ទាំងនេះ រួចខ្លួនដោយស្រួលឬយ៉ាងណា?

នាព្រឹកថ្ងៃសៅរ៍ទី ២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង៤៥ នាទីព្រឹកលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សហការជាមួយលោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ រួមជាមួយនឹងប្រធានមន្ទីរបរិស្ថាន និងកងកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើសគ្រឿងចក្រអេស្កាវ៉ាទ័រកាយ នឹងវ៉ៃព្រៃភ្នំរុករករ៉ែនៅចំណុចភ្នំយាយម៉ៅ ភូមិបឹងត្នោត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ ក្នុងនោះមានមេការគ្រឿងចក្រ ១នាក់ ផងដែរ និងបានបញ្ជូនទៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ភ្នំដែលឈ្មួញកំពុងដាក់គ្រឿងចាក់វ៉ៃព្រៃ កាយដើម្បីរុករករ៉ែ នៅចំណុចភ្នំយាយម៉ៅ ភូមិបឹងត្នោត ឃុំតាលោ ស្រុកតាលោសែនជ័យ ប្រជាពលរដ្ឋក៏ធ្លាប់ឃើញកម្លាំងអង្គការវ៉ាយអេត ចុះទៅទីនោះផងដែរ។ ប៉ុន្តែចំពោះអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធបែរជាមិនដែលចុះទៅពិនិត្យនៅទីតាំងខាងលើនោះឡើយ។ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានក្រុមហ៊ុនមួយយកគ្រឿងចក្រអេស្កាវ៉ាទ័រឈូសឆាយ វ៉ៃព្រៃភ្នំយាយម៉ៅ ដែលជាសម្បត្តិរបស់រដ្ឋ ដោយសំអាងថា មានច្បាប់អនុញ្ញាតត្រឹមត្រូវពីរដ្ឋបាលខេត្តពោធិ៍សាត់។

សូមបញ្ជាក់ដែរថា ក្រោយមានការបង្ក្រាបសកម្មភាពវ៉ៃព្រៃភ្នំ ជីកកាយរុករករ៉ែ ប្រជាពលរដ្ឋ ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ សម្ដែងការអបអរ និងសរសើរចំពោះការដឹកនាំរបស់លោក អៀង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំបញ្ជាផ្ទាល់ក្នុងការបង្ក្រាបក្រុមគ្រឿងចក្រខាងលើនេះ។ ពួកគាត់បន្តទៀតថា កន្លងមកក្រុមគ្រឿងចក្រវ៉ៃព្រៃកាយភ្នំនេះ បានបង្កភាពអនាធិបតេយ្យធ្វើឲ្យមានការប៉ះពាល់ធនធានភ្នំធម្មជាតិឥតស្ដាយស្រណោះ ហើយកន្លងមក ក៏មិនដែលឃើញសមត្ថកិច្ចណាចុះបង្ក្រាប និងសួរនាំដែរ រហូតដល់ពេលនេះលោក អៀង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះបង្ក្រាបបញ្ជាផ្ទាល់តែម្តង៕ដោយសហការី

adm

Leave a Reply

Your email address will not be published. Required fields are marked *