ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបករណី បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ដោយផ្ទុះអាវុធ(Video inside)

នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងមួយស្តីពីករណី បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ អស់ជាង១០ម៉ឺនដុល្លារ ដោយមានប្រើប្រាស់អាវុធចំនួន ០៤ដើម នៅចំណុចខុនដូមួយកន្លែង ស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

បន្ទាប់ពីបានទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះអង្កេតស្រាវជ្រាវ ដល់ទីតាំងជាក់ស្តែង។ 

នៅវេលាម៉ោងប្រមាណ ១២និង១០នាទី សមត្ថកិច្ចអាវុធហត្ថ បានប្រើវិធានការជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ី ផឹង ភេទប្រុស អាយុ ២៤ឆ្នាំ នៅទីតាំងខាងលើ និងបានជួយរំដោះជនរងគ្រោះម្នាក់ឈ្មោះ ង្វៀង ឆីមីងង៉ាង ភេទស្រី អាយុ ៣៤ឆ្នាំ។ ខណៈពេលជំនាញកំពុងសួរនាំជនសង្ស័យ អ៊ី ផឹង ស្រាប់តែបក្ខពួកមួយចំនួនផ្សេងទៀតបានដឹងខ្លួន លួចបើករថយន្ត គេចចេញពីទីតាំងខាងលើបាត់អស់។ 

រហូតដល់វេលាម៉ោង ១៤ និង ១០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ និងកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ បានចូលឆែកឆេរបន្ទប់ក្រុមជនសង្ស័យ លេខB១៩០៩ ជាន់ទី១៩ ខុនដូរ Urban Villige ក៏បានឆែកឃើញមាន ក្រាមសថ្លា ០១កញ្ចប់ធំល្មម(សង្ស័យសារធាតុញៀន), ថ្នាំពណ៌ក្រហមចំនួន ៣៦គ្រាប់(សង្ស័យសារធាតុញៀន) និងសម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បន្ទាប់មកនៅវេលាម៉ោងប្រមាណ ១៨និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានសហការជាមួយ កម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញានិងទីតាំង បក្ខពួកជនសង្ស័យបាន នៅបុរីប៉េងហួតបឹងស្នោ ក៏បានបន្តទៅសហការជាមួយកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថ ខណ្ឌច្បារអំពៅ ឃាត់រថយន្ត០១គ្រឿង ម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-1625 ព្រមទាំងបក្ខពួក ជនសង្ស័យចំនួន ០៤នាក់ និងបានស្រាវជ្រាវបន្ត ឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ បន្ថែមទៀត និងដកហូតរថយន្ត Land Cruiser ០១គ្រឿង ស្លាកលេខ ភ្នំពេញ 2BP-1617។

ក្នុងអំឡុងពេលប្រតិបត្តការ ជនសង្ស័យទាំងនេះបានព្យាយាមបើករថយន្តអូឌី បំបុកកម្លាំងសមត្ថកិច្ចដើម្បីរត់គេចខ្លួន ធ្វើឲ្យ កងកម្លាំងម្នាក់របួសជើង ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានផ្ទុះអាវុធឡើងលើដើម្បីបង្អាក់ជនសង្ស័យ ទើបជនសង្ស័យព្រមបញ្ឈប់សកម្មភាព និងប្រគល់ខ្លួនតាមសម្រួល។ បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តការស្រាវជ្រាវ និងកសាងសុំណុំរឿងតាមនិតិវិធីច្បាប់៕

IMG_1951

adm

Leave a Reply

Your email address will not be published. Required fields are marked *