ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភានិង ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមបេ្តជ្ញារួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកើនឡើងថែមទៀត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ផាម ម៉ិញជិញ (Pham Minch Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ថាបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងសងខាង។

សម្តេចប្រធានរដ្ឋសភា និងឯកឧត្ដម ផាម ម៉ិញជិញ បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការជំរុញទំនាក់ទំនងរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀតជាពិសេសរួមគ្នាក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀមរវាងប្រទេសទាំងពីរដែលមានស្រាប់ឲ្យ កាន់តែមានប្រសិទ្ធភាព ចំនុចណាដែលបានអនុវត្តល្អ បន្តខិតខំឲ្យកាន់តែល្អ ហើយចំនុចណាដែលពុំទាន់មានលទ្ធផលល្អត្រូវខិតខំធ្វើឲ្យប្រសើរឡើង។

ការបេ្តជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងឱកាសសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលជួបសម្តែងការគួរសមជាមួយឯកឧត្ដម ផាម ម៉ិញជិញ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា នៅការិយាល័យរដ្ឋាភិបាល រដ្ឋធានីទីក្រុងហាណូយ។

ឯកឧត្តមនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភានៅក្នុងប្រទេសវៀតណាមនាឱកាសនេះ ថានឹងរួមចំណែកដ៏សំខាន់បន្ថែមទៀតដល់ការបន្តជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន រឹងមាំ និងស៊ីជម្រៅថែមឡើងទៀត។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានស្នើសម្តេចប្រធានរដ្ឋសភា បន្តគាំទ្រនិងជំរុញដល់វិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចប្រទេសទាំងពីរឲ្យកាន់តែមានកំណើនឡើង។

ឆ្នាំ២០២១ទំហំពាណិជ្ជកម្មប្រទេសកម្ពុជានិងវៀតណាម មានទំហំទឹកប្រាក់ប្រមាណ១០ពាន់លានដុល្លារ ហើយនៅក្នុងរយៈពេល៦ ខែ ដើមនេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរសម្រេចបាន៧ពាន់លានដុល្លារទៅហើយ។ ឯកឧត្ដមនាយករដ្ឋមន្រ្តីបានជម្រាបសម្តេចប្រធានរដ្ឋសភាថា បច្ចុប្បន្ននេះ មានគម្រោងវិនិយោគរបស់ប្រទេសវៀតណាមចំនួន១៨៨ កំពុងរកស៊ីនៅកម្ពុជា។

ឯកឧត្ដម ផាម ម៉ិញជិញ ក៏បានជម្រាបសម្តេចអំពីគម្រោងបំពេញទស្សនកិច្ចរបស់ឯកឧត្តម នៅកម្ពុជា នាខែវិច្ឆិកាខាងមុខ ដើម្បីចូលរួមចំកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងសម្តែងការគាំទ្រ ដើម្បីធ្វើឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យ។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ ចំពោះវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទំាងពីរ កម្ពុជា-វៀតណាម ហើយបានបញ្ជាក់ថា បើទោះបីស្ថិតក្នុងតំណាក់កាលប្រឈមវិបត្តិជំងឺកូវីដ-១៩ ក្តី ក៏ប្រទេសទាំងពីរនៅតែបន្តអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ជាអាទិ៍ វិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វប្បធម៌ ជាដើម៕

adm

Leave a Reply

Your email address will not be published. Required fields are marked *